ភ្នំពេញ៖ វិធានការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិរហូតដល់ចុងឆ្នាំ២០២៦ នេះ នឹងជួយរួមចំណែកជំរុញស្ថិរភាព និងស្តារឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសចំពោះអ្នកដែលកំពុងតែស្វែងរកទិញលំនៅឋានតម្លៃសមរម្យលើកដំបូង។ នេះបើយោងតាមការអះអាងពីអ្នកជំនាញអចលនវត្ថុកម្ពុជា។
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Juwai Cambodia បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន ឬអគារសហកម្មសិទ្ធិរហូតដល់ចុងឆ្នាំ២០២៦ នេះ គឺជាវិធានការសំខាន់ណាស់ ដើម្បីជំរុញស្ថិរភាព និងស្តារឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់កម្ពុជា។
ឧកញ៉ា សន សៀប បានគូសបញ្ជាក់ថា វិធានការអនុគ្រោះពន្ធនេះ មិនត្រឹមតែបន្ថយបន្ទុកថវិកាដល់អ្នកទិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនុកចិត្តទីផ្សារអចលនទ្រព្យ ដើម្បីជំរុញលំហូរប្រតិបត្តិការទិញ-លក់ និងការគាំទ្រដល់វិស័យសំណង់, វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ឧកញ៉ាបានស្វាគមន៍យ៉ាងខ្លាំងចំពោះគោលនយោបាយនេះ ដែលបានផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់អ្នកទិញលំនៅឋាន ជាពិសេសចំពោះអ្នកទិញដំបូង ដែលកំពុងតែស្វែងរកទិញលំនៅឋានតម្លៃសមរម្យ។
ឧកញ៉ា សន សៀប ជឿជាក់ថា ការគាំទ្របែបនេះពីរាជរដ្ឋាភិបាល នឹងបន្តជាគន្លឹះសំខាន់ក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសជាលក្ខណៈអន្តរជាតិ និងព្រមទាំងលើកកម្ពស់ការអភិវឌ្ឍអចលនទ្រព្យប្រកបដោយចីរភាពនៅកម្ពុជា។ ឧកញ៉ាបន្តថា ការបន្តគោលនយោបាយនេះ ក៏ជួយឱ្យទីផ្សារអចលនទ្រព្យមានតម្លាភាព និងស្ថិរភាពតម្លៃកាន់តែប្រសើរ ដោយបង្កើនប្រតិបត្តិការផ្លូវការ និងការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញតិ្តដែលមានស្រាប់។
ឧកញ៉ា សន សៀប បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកអភិវឌ្ឍន៍, អ្នកវិនិយោគ, ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអចលនទ្រព្យ គួរប្រើប្រាស់ឱកាសនេះដោយមានការទទួលខុសត្រូវ និងគោរពតាមគោលការណ៍វិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ឱ្យរឹងមាំ និងមានស្ថិរភាពយូរអង្វែង។
រាជរដ្ឋាភិបាលបានសម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ ម៉ឺន និង ២១ម៉ឺនដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្តទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងនឹងផ្តល់ការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer)។ ជាមួយគ្នានេះដែរ បុគ្គលដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ នៅក្នុងឆ្នាំ២០២៦ ក៏នឹងទទួលបានការលើកលែង និងអនុគ្រោះពន្ធ ដូចមានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងផងដែរ។
នៅឆ្នាំ២០២៦នេះ វិស័យសំណង់ នឹងបន្តងើប ក៏ប៉ុន្តែក្នុងសភាពយឺត ហើយនៅមានកំណើនទាបជាងនិន្នាការមុន វិបត្តិជំងឺកូវីដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋាន ឆ្លើយតបទៅនឹងតម្រូវការពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្មមួយចំនួនដូចជា រោងចក្រ និងឃ្លាំងជាដើម ដែលនឹងក្លាយជា និន្នាការថ្មីជួយគាំពារកំណើននៃអនុវិស័យនេះ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ នេះបើតាមការព្យាករឲ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែក វិស័យអចលនទ្រព្យដូចគ្នាទៅនឹងវិស័យសំណង់ដែរ ពោលគឺងើបវិញយឺត ដែលបន្តគាំទ្រដោយចរន្តទិញ-លក់លំនៅឋានថ្លៃសមរម្យ សកម្មភាពទិញ-លក់/ជួលឃ្លាំង និងរោងចក្រ បម្រើឱ្យវិស័យឧស្សាហកម្ម៕
ដោយ៖ khmerhome