Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ នៅក្រុងបាវិត តម្លៃ ៣០០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីមួយ សម្រាប់ការសាងសង់ និងដំណើរការអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ១៣៤១ បន្ទប់ និងអាចបង្កើតការងារជាង ២០០០ កន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

គម្រោងធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ផឹនីនស៊្យូឡឹ អឹមភៀរៀល ភែលេស រីសត ហូថេល ឯ.ក (PENINSULA IMPERIAL PALACE RESORT HOTEL CO., LTD.) ជាមួយទុនវិនិយោគប្រមាណ ៣០០ លានដុល្លារអាមេរិក ដែលរំពឹងថានឹងចូលរួមជំរុញវិស័យទេសចរណ៍ និងសេវាកម្មសណ្ឋាគារនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ឲ្យកាន់តែរីកចម្រើន។

លើសពីនេះ គម្រោងនេះ ត្រូវបានចាត់ទុកថាជាការវិនិយោគសំខាន់មួយ ក្នុងការលើកកម្ពស់សមត្ថភាពទទួលភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្រុងបាវិត ដែលជាតំបន់សេដ្ឋកិច្ចពិសេស និងជាច្រកពាណិជ្ជកម្មសំខាន់មួយរវាងកម្ពុជា និងវៀតណាម។ ការអភិវឌ្ឍសណ្ឋាគារលំដាប់ខ្ពស់នេះ ក៏នឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងលើកស្ទួយជីវភាពសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ខេត្តស្វាយរៀង នៅតែបន្តបង្ហាញខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ ក្នុងចំណោមរាជធានី-ខេត្តសំខាន់ៗរបស់កម្ពុជា ដោយសារទីតាំងភូមិសាស្ត្រអំណោយផល សេវាហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ និងបរិយាកាសវិនិយោគទាក់ទាញ។

អ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានវាយតម្លៃថា ការកើនឡើងនៃគម្រោងវិនិយោគនៅតាមបណ្តាខេត្តជាប់ព្រំដែន និងតំបន់ឧស្សាហកម្ម បង្ហាញពីនិន្នាការផ្លាស់ប្តូរទិសដៅវិនិយោគ ពីរាជធានីទៅតំបន់ជាយក្រុង និងខេត្ត ដែលមានដីធ្លីធំទូលាយ និងថ្លៃប្រកួតប្រជែង។ ស្របពេលដែលនិន្នាការនេះ គឺជាចំណុចវិជ្ជមានសម្រាប់ការចែកចាយកំណើនសេដ្ឋកិច្ចឲ្យមានតុល្យភាពកាន់តែប្រសើរនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា​ យោងតាមរបាយការណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគសរុបចំនួន ១៤គម្រោង ឈរនៅចំណាត់ថ្នាក់ទី៥ ខណៈខេត្តកំពង់ស្ពឺ ឈរនៅកំពូលតារាងដោយមាន ៤៤គម្រោង បន្ទាប់មកខេត្តកណ្តាល ២២គម្រោង ឈរនៅចំណាត់ថ្នាក់ទី២ ខេត្តតាកែវ ១៧គម្រោង ឈរនៅលេខរៀងទី៣ និងរាជធានីភ្នំពេញ ឈរនៅលេខរៀងទី៤ មាន ១៥គម្រោង៕

ដោយ៖ khmerhome