Register Already an agent ? Login

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា មានការថយចុះ តែកម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗជាច្រើន

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះបន្តិចធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលបណ្តាលមកពីឥទ្ធិពលនៃវិបត្តិសកល តែកម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ជាច្រើនទៀត។ នេះបើយោងតាមការថ្លែងឲ្យដឹងពីឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការវិនិយោគក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការវិនិយោគក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ថ្លែងបន្តនៅក្នុងកិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅស្ថាតទូតវៀតណាមប្រចាំនៅកម្ពុជា ថា គម្រោងវិនិយោគទាំងនោះដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្លុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត។

ឯកឧត្តម ជា វុទ្ធី បានថ្លែងបន្តថា ដែលការណ៍នេះ បានបង្ហាញពីការជឿជាក់របស់វិនិយោគិន មកលើការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ និងការបន្តដាក់ចេញនូវវិធានការគាំទ្រដល់វិស័យឯកជនជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងធានាបាននូវភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តម ជា វុទ្ធី គូសបញ្ជាក់ថា កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើសកលលោក កំពុងជួបប្រទះវិបត្តិជាសកលដែលបង្កឱ្យមានការលំបាកជាខ្លាំងក្នុងការជំរុញទាក់ទាញការវិនិយោគ ស្របពេលដែលមហាអំណាចប្រទាញប្រទុងសម្តែងឥទ្ធិពលភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចរៀងខ្លួន។ ថ្វីត្បិតតែទំនោរសកលមានភាពមិនប្រាកដប្រជា កម្ពុជាបានសម្រេចនូវសមិទ្ធិកម្មគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងការទាក់ទាញការវិនិយោគពីបរទេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងនៅឆ្នាំ២០២៤ ក.អ.ក បានចុះបញ្ជីគម្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណជា ៧ប៊ីលានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលជាង ៣០ឆ្នាំ។ នៅឆ្នាំ២០២៥ កន្លងមក កំណើនវិនិយោគមានសន្ទុះជាង ៤៥% ក្នុងទឹកប្រាក់ប្រមាណជា ១០០លានដុល្លារអាមេរិក។

ឯកឧត្តម ជា វុទ្ធី សង្កត់ធ្ងន់ថា ការថែទាំវិនិយោគដែលមានស្រាប់ឱ្យបន្តសកម្មភាពរបស់ខ្លួន និងមានលទ្ធភាពពង្រីកបន្ថែម គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើជាប់ជាប្រចាំ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តប្រើប្រាស់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងពង្រីកវិសាលភាពកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន ដើម្បីដោះស្រាយរាល់កង្វល់ និងបញ្ហាប្រឈមរបស់វិស័យឯកជនឱ្យបានទាន់ពេលវេលា។ ការកែទម្រង់សេវាថែទាំវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងចំគោលដៅ គឺជាសក្ខីភាពនៃការពង្រឹងភាពជាដៃគូជាមួយវិនិយោគិន សំដៅរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព, បរិយាបន្ន, និងភាពធន់។

ជាមួយនឹងបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា ឯកឧត្តម ជា វុទ្ធី មានជំនឿចិត្តយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលមានវត្តមាននាពេលនេះ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមា ក្នុងការស្វែងរកឱកាសវិនិយោគសំដៅតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការផ្លាស់ប្តូរទៅវិញទៅមកនូវវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ភាគីមិត្ត ឬតាមរយៈកំពង់ផែរបស់កម្ពុជា។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។

លើសពីនេះ ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មានគម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។

សូមបញ្ជាក់ថា វត្តមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមានស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕

ដោយ៖ Khmer home

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026