Register Already an agent ? Login

ប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី បង្កើនសុវត្ថិភាពសេដ្ឋកិច្ចគ្រួសារ

បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៤,០០៤ បណ្ណ នៅវត្តអម្ភវ័ន្តស្វាយស ក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការចែកបណ្ណនេះធ្វើឡើងរយៈពេល ០៩ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។ បន្ទាប់ពីផុតរយៈពេលកំណត់ មន្ទីរនឹងបន្តផ្តល់បណ្ណជូនប្រជាពលរដ្ឋនៅទីស្នាក់ការមន្ទីរ ក្នុងម៉ោងធ្វើការជារៀងរាល់ថ្ងៃ ដោយមិនកំណត់ពេលវេលា ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិគ្រប់គ្រងដីធ្លីជាស្ថាពរ។

ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លីជាដើមទុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ។

លោក លៀម សុដា បានថ្លែងក្នុងពិធីនោះថា ប័ណ្ណកម្មសិទ្ធិដីធ្លីគឺជាឯកសារច្បាប់ដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាព និងនិរន្តរភាព។ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានលទ្ធផលជាក់ស្តែងនេះ។

ស្រុកភ្នំស្រុក ជាស្រុកមួយស្ថិតនៅភាគខាងជើងនៃខេត្តបន្ទាយមានជ័យ ដែលមានប្រជាជនភាគច្រើនប្រកបរបរកសិកម្ម។ ការទទួលបានប័ណ្ណកម្មសិទ្ធិជាផ្លូវការនេះ នឹងជួយពង្រឹងស្ថិរភាពជីវភាពរស់នៅ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មប្រកបដោយចីរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026