Register Already an agent ? Login

ការដាស់តឿនចុងក្រោយ! ពន្ធដារទុកពេលឱ្យអ្នកជាប់ពន្ធត្រឹមថ្ងៃទី៣១ មីនា ដើម្បីប្រកាសពន្ធប្រចាំឆ្នាំ មុនប្រឈមនឹងទណ្ឌកម្មផ្លូវច្បាប់

ភ្នំពេញ អគ្គនាយកដ្ឋានពន្ធដារ (អពដ) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងលេខ ៩១៥០ អពដ ដែលជាការរំលឹកជាលើកចុងក្រោយដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥។ កាលបរិច្ឆេទកំណត់ចុងក្រោយគឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ការជូនដំណឹងម្តងហើយម្តងទៀត មុនពេលផុតកំណត់

កាលពីអំឡុងខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារបានជូនដំណឹងជាលើកដំបូងដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសអំពីកាតព្វកិច្ច និងកាលបរិច្ឆេទកំណត់នៃការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥។

ឥឡូវនេះ ជាមួយនឹងការចេញសេចក្តីជូនដំណឹងលេខ ៩១៥០ អពដ អគ្គនាយកដ្ឋានពន្ធដារបានរំលឹកជាថ្មីម្តងទៀត ដោយសង្កត់ធ្ងន់ថាអ្នកជាប់ពន្ធដែលមិនទាន់បានបំពេញកាតព្វកិច្ចត្រូវតែ រួសរាន់ដាក់លិខិតប្រកាស និងបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ទណ្ឌកម្មចំពោះអ្នកខកខាន

ក្នុងសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់យ៉ាងច្បាស់ថា ការខកខាន និងមិនបានដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋបាលសារពើពន្ធទាន់ពេលកំណត់ អ្នកជាប់ពន្ធត្រូវទទួលរងនូវ ទណ្ឌកម្មរដ្ឋបាល ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ទណ្ឌកម្មនេះអាចរួមមានការពិន័យជារូបិយវត្ថុ ការប្រាក់បន្ថែម និងវិធានការនានាតាមច្បាប់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្ម និងការផ្តល់សេវាសាធារណៈរបស់អ្នកជាប់ពន្ធ។

តម្រូវឲ្យដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានរំលឹកថា អ្នកជាប់ពន្ធត្រូវតែដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមរយៈ ប្រព័ន្ធអនឡាញ (Tax on Income – ToI e-Filing) ដោយអនុវត្តតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ការដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិចត្រូនិកមិនត្រឹមតែជួយសម្រួលដល់អ្នកជាប់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយធានាថាទិន្នន័យត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ និងអាចត្រួតពិនិត្យបានដោយរដ្ឋបាលសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ សូមកុំប្រមាទ និងត្រូវប្រញាប់បំពេញកាតព្វកិច្ចពន្ធនេះឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីជៀសវាងហានិភ័យនៃការទទួលរងទណ្ឌកម្មរដ្ឋបាល និងដើម្បីចូលរួមចំណែកក្នុងការកសាងធនធានជាតិប្រកបដោយតម្លាភាព និងគណនេយ្យភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)