Register Already an agent ? Login

លោក អ៊ឹង វណ្ណា ដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ និងបេតុង ប្រវែង២៥គីឡូម៉ែត្រ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្មី ប្រវែងសរុប ២៥,២៤គីឡូម៉ែត្រ ដែលលាតសន្ធឹងតភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ខេត្តព្រះវិហារ។

ក្នុងដំណើរការងារនេះ ឯកឧត្តម អ៊ឹង វណ្ណា បានសម្តែងនូវក្តីរំភើបរីករាយ និងកោតសរសើរចំពោះក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញគម្រោងនេះឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

ផ្លូវទាំង៣ខ្សែ ដែលកំពុងត្រូវបានសាងសង់រួមមាន៖

ខ្សែទី១ ប្រវែង ១៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំរណសិរ្ស សាគ្រាម (ស្រុកសង្គមថ្មី) និងតភ្ជាប់ទៅកាន់ខេត្តព្រះវិហារ។ បច្ចុប្បន្នសម្រេចបាន ៣,៧៦%។

ខ្សែទី២ ប្រវែង ៣,៣៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំសាលាវិស័យ (ស្រុកប្រាសាទបល្ល័ង្គ) សម្រេចបាន ៤,០៥%។

ខ្សែទី៣ ប្រវែង ៤,៧៨គីឡូម៉ែត្រ ស្ថិតក្នុងឃុំសាលាវិស័យ សម្រេចបាន ៦,៤៨%។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង វណ្ណា បានផ្តាំផ្ញើដល់សំណង់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើគុណភាពបច្ចេកទេស និងពេលវេលានៃការសាងសង់ ដើម្បីធានាបាននូវសុវត្ថិភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលបានចូលរួមក្នុងបេសកកម្មនេះផងដែរ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងទំនើបកម្មវិស័យកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

តាមរយៈវឌ្ឍនភាពដែលសម្រេចបានជាបន្តបន្ទាប់នេះ គេរំពឹងថាផ្លូវទាំង ៣ខ្សែនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការប្រែមុខមាត់តំបន់ជនបទក្នុងខេត្តកំពង់ធំ និងព្រះវិហារ ឱ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀតនាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)