Register Already an agent ? Login

ពាណិជ្ជកម្មអន្តរជាតិកម្ពុជារក្សាកំណើនខ្ពស់ជិត ២០% ក្នុងរយៈពេល ២ខែដើមឆ្នាំ ទោះប្រឈមសម្ពាធនយោបាយ និងជម្លោះព្រំដែន

ភ្នំពេញ៖ ទោះបីជាប្រឈមមុខនឹងសម្ពាធពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកល ព្រមទាំងការបង្កជម្លោះនៅព្រំដែនពីសំណាក់ភាគីថៃក៏ដោយ សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមិនត្រឹមតែមិនបានធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តសម្រេចបានកំណើនគួរឱ្យកត់សម្គាល់ រហូតដល់ជិត ២០% នៅក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៦នេះ។

វិស័យនាំចេញរបស់កម្ពុជាបង្ហាញសន្ទុះខ្លាំង ដោយយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញសរុបប្រមាណ ៥.២៣ពាន់លានដុល្លារ កើនឡើង ១៧.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលអាចទប់ទល់នឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងក្នុងតំបន់។

កំណើននេះត្រូវបានជំរុញយ៉ាងសំខាន់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ក្នុងខែមករា ឆ្នាំ២០២៦ តែមួយខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានចំនួន ៣.៧៦ពាន់លានដុល្លារ កើនឡើង ១៤.៧%។ គួរបញ្ជាក់ថា ការនាំចេញទៅកាន់ទីផ្សារ RCEP សម្រេចបាន ៩២៧លានដុល្លារ កើនដល់ទៅ ១៩% ។

ទីផ្សារសំខាន់ៗរបស់កម្ពុជាសុទ្ធតែទទួលបានកំណើន ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន ដែលមានការកើនឡើងដល់ទៅ ៥៩.៣% ក្នុងខែមករា។ ទីផ្សារសំខាន់ៗផ្សេងទៀតដូចជា វៀតណាម (កើន ២១.១%) ជប៉ុន (កើន ១៦.៦%) និងកូរ៉េខាងត្បូង (កើន ២៣.៥%) ក៏បន្តរក្សានិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ទោះយ៉ាងណា វិស័យឯកជនបានលើកឡើងពី បញ្ហាប្រឈមដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានជះឥទ្ធិពលដល់លំហូរពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់។ ការនាំចូលពីប្រទេសថៃក្នុងខែមករា បានធ្លាក់ចុះរហូតដល់ ៤៩.៣%។ ការបិទច្រកព្រំដែនមួយចំនួនបណ្តោះអាសន្ន បានបង្កើនថ្លៃដើមដឹកជញ្ជូន និងបង្ខំឱ្យអាជីវកម្មត្រូវស្វែងរកផ្លូវដឹកជញ្ជូនថ្មី ឬប្រភពផ្គត់ផ្គង់ជំនួស ។

វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដោយរកចំណូលបានជិត ១.៤ពាន់លានដុល្លារ ក្នុងខែមករា កើន ៧.២% និងមានចំណែក ៤៦.៥% នៃការនាំចេញសរុប។ វិស័យនេះបានផ្តល់ការងារដល់កម្មករជាង ៩០០,០០០នាក់ ដែលភាគច្រើនជាស្ត្រី ។

ទន្ទឹមនឹងនេះ ការនាំចេញទៅកាន់ ទីផ្សារអាមេរិកក៏មានកំណើនគួរឱ្យកត់សម្គាល់ រហូតដល់ ៤៧.៦% ក្នុងខែមករា ទោះបីជាប្រឈមមុខនឹងការផ្លាស់ប្តូរគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកក៏ដោយ ។ នេះបង្ហាញពីភាពចាំបាច់របស់ទំនិញកម្ពុជានៅលើទីផ្សារអន្តរជាតិ។

អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កំណើននេះឆ្លុះបញ្ចាំងពី ភាពជោគជ័យនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារ របស់កម្ពុជា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា RCEP ជាដើម។ ការពង្រឹងសមត្ថភាពផលិតក្នុងស្រុក ការទាក់ទាញវិនិយោគិនបរទេស និងការបន្តស្វែងរកទីផ្សារថ្មីៗ គឺជាកត្តាគន្លឹះក្នុងការរក្សាកំណើនប្រកបដោយចីរភាព ប្រកបដោយភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)