Register Already an agent ? Login

អាមេរិក-ចិន បង្ហាញពីការរីកចម្រើន ក្នុងកិច្ចចរចាពាណិជ្ជកម្មសំខាន់ៗ

អន្តរជាតិ៖ ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក បានលើកឡើងថា ពួកគេបានធ្វើឱ្យមានការវិវឌ្ឍន៍នៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងប្រទេសស្វីស។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យថា "វឌ្ឍនភាពយ៉ាងច្រើន" ត្រូវបានធ្វើឡើងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បន្ទាប់ពីបាន ជួបប្រជុំគ្នាអស់រយៈពេលពីរថ្ងៃ នៅទីក្រុងហ្សឺណែវ។ 

ខណៈ ដែលឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាននិយាយថា កិច្ចពិភាក្សានេះគឺ "ស៊ីជម្រៅ" និង "ស្មោះត្រង់"។

ភាគីទាំងពីរបានចូលរួមនៅក្នុងកិច្ចពិភាក្សាបិទទ្វារសម្ងាត់ទាំងអស់កាលពីចុងសប្តាហ៍នៅក្នុងកិច្ចប្រជុំលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ដំឡើងពន្ធលើប្រទេសចិនក្នុងខែមករា។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា យើងបានធ្វើឱ្យមានការវិវឌ្ឍយ៉ាងសំខាន់រវាងសហរដ្ឋអាមេរិក និងចិននៅក្នុងកិច្ចចរចាពាណិជ្ជកម្មដ៏សំខាន់បំផុត។ "យើងនឹងផ្តល់ព័ត៌មានលម្អិតនៅថ្ងៃស្អែក ប៉ុន្តែអាចប្រាប់អ្នកថា កិច្ចពិភាក្សាមានផលិតភាព"។

លោក Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានជួបជាមួយសមភាគីចិននៅប្រទេសស្វីសកាលពីចុងសប្តាហ៍ដើម្បីពិភាក្សាអំពីពាណិជ្ជកម្មចំពេលមានការប្រឈមមុខដាក់គ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

បន្ទាប់ពីការបញ្ចប់នៃកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer បាននិយាយថា "កិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយដៃគូចិនរបស់យើង" នឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មចំនួន 1.2tn (£901bn) របស់សហរដ្ឋអាមេរិក។

បើតាមការ លើកឡើង លោក Bessent ថា សហរដ្ឋអាមេរិកនិងចិនបានធ្វើឱ្យមាន "ការវិវឌ្ឍយ៉ាងធំធេង" លើការបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ខណៈ ដែលលោក He Lifeng ថា កិច្ចពិភាក្សាមានសារសំខាន់សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែក៏មានផលប៉ះពាល់យ៉ាងសំខាន់ទៅលើស្ថិរភាព និងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោកផងដែរ។

លោកស្រី Ngozi Okonjo-Iweala អគ្គអធិការនៃអង្គការពាណិជ្ជកម្មពិភពលោកបានហៅកិច្ចពិភាក្សានេះថា ជាជំហានទៅមុខដ៏សំខាន់មួយ។ លោកស្រីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា "ខ្ញុំជំរុញឱ្យប្រទេសទាំងពីរកសាងលើសន្ទុះនេះដោយបន្តបង្កើតដំណោះស្រាយជាក់ស្តែងដែលកាត់បន្ថយភាពតានតឹង ស្តារលទ្ធភាពព្យាករណ៍ និងពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី"។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះ គឺជាជំនួបទល់មុខគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីលោកប្រធានាធិបតី Trump បានដាក់ពន្ធ ១៤៥% លើការនាំចូលរបស់ចិន ដោយទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិកចំនួន ១២៥%។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចអាមេរិកត្រូវបានគេរកឃើញថាបានធ្លាក់ចុះក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ដោយបានចុះ ក្នុងអត្រាប្រចាំឆ្នាំ ០.៣% ខណៈដែលក្រុមហ៊ុនបានប្រជែងគ្នាដើម្បីទទួលបានទំនិញចូលប្រទេស។

សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែតានតឹងកាលពីខែមុន បន្ទាប់ពីប្រធានាធិបតី Trump បានប្រកាសពន្ធលើមូលដ្ឋានជាសកលលើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ក្នុងអ្វីដែលលោកហៅថា "ទិវារំដោះ"។

រដ្ឋបាល លោក Trump កាលពីខែមេសាបានដាក់ពន្ធគយ "ទៅវិញទៅមក" លើប្រទេសមួយចំនួន រួមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប និងប្រទេសថៃ។

ក្រោយមកលោក Trump បានប្រកាសពីពន្យាររយៈពេល ៩០ថ្ងៃ ដែលពន្ធទាំងនោះនឹងត្រូវបានបន្ទាបមកត្រឹម ១០ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ លោក មិនបានបន្ទាបពន្ធលើប្រទេសចិនទេ ហើយជំនួសមកវិញបានដំឡើងវាដល់ ១២៥ភាគរយ លើសពីពន្ធ ២០ភាគរយដែលមានរួចហើយលើការផលិត fentanyl។

ទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធសងសឹក លើការនាំចូលរបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មដែលអាចជំរុញឱ្យតម្លៃទំនិញកើនឡើងសម្រាប់អ្នកប្រើប្រាស់៕

ប្រភព៖ BBC\The Hill

ប្រែសម្រួលដោយ៖ MD-Angkor