Register Already an agent ? Login

សហភាពអឺរ៉ុប គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៩៣លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីថ្មីចំនួន៤

ភ្នំពេញ៖ នៅក្រោមក្របខណ្ឌ Global Gateway, EU បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ (ជាង៩៣លានដុល្លារ) ដល់កម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សម្រាប់កម្មវិធីថ្មីចំនួន៤ រួមមាន៖ ១-កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព, ២-កម្មវិធីភាពជាដៃគូសហភាព អឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ, ៣-កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤ ២០២៧ និង ៤-កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

បើតាម សេចក្តីប្រកាសព័ត៌មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង លោក Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ EU ដែលតែងតែផ្តល់ការគាំទ្រលើកិច្ចអភិវឌ្ឍតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល និងការងារកំណែទម្រង់សំខាន់ៗកន្លងមក ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ។ លោក បានបន្តថា បើទោះបីជាសេដ្ឋកិច្ចសកល និងតំបន់ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី សេដ្ឋកិច្ចកម្ពុជានៅតែបន្តនិន្នាការកើនឡើង ដែលត្រូវបានរំពឹងថាមានការកើនឡើងក្នុងអត្រា ៥.៦% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៦.៦% ក្នុងឆ្នាំ២០២៤ នេះ។

លោក គូសបញ្ជាក់ថា ជាពិសេសក្រោមក្របខណ្ឌ Global Gateway ដែលកម្មវិធីទាំង៤នេះ ចូលរួមគាំទ្រដល់របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ។

បើតាមជំនួបនេះ លោក Driesmans Igor បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ នុវត្តកម្មវិធីកំណែទម្រង់គោលនបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយផ្លែផ្កា។ លោក ក៏បានសម្តែងនូវមោទនភាពដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយ គាំពារសង្គរបស់កម្ពុជា តាមរយៈកម្មវិធីកំណែទម្រង់ការគាំពារសង្គម ហិរញ្ញប្បទានដោយមូលនិធិទ្រទ្រង់ថវិការបស់ EU ហើយដែលបានអនុវត្តដោយជោគជ័យ។

លោក ទូត ក៏បានគូសបញ្ជាក់ឡើងវិញអំពីជំហរគាំទ្ររបស់ EU ជាពិសេសតាមរយៈយុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផលនៃកិច្ចអន្តរាគមន៍របស់ខ្លួន។

លោក បាននបន្តទៀតថា នៅក្រោមយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីគាំទ្រដល់ការធ្វើ សមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ដែលក្នុងនោះមាន៖ ១-ផ្តោតលើចិរភាពខ្សែច្រវាក់តម្លៃកសិកម្ម និង ២-ផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម៕

ដោយ៖ មឿន ឌី ណា (Moeun Dyna)