Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបាន ៤៣.៥២ពាន់លានដុល្លារ រយៈពេល១១ខែ ឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញមានចំនួន ២១ពាន់លានដុល្លារ កើនឡើង ៤,០៨% បើធឿបនឹងគ្រាដូចគ្នាឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោកស្រី ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

នៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ចម និមល បានថ្លែងបន្តថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ពាន់លានដុល្លារ ដែលការនាំចេញមានទំហំ ៧.២១ពាន់លានដុល្លារ កើន ២៧.២៩%។

ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណជាង៦១,០៦ភាគរយ នៃទំហំ ពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ជាការបញ្ជាក់ លោកស្រី ចម និមល។

លោកស្រី ចម និមល បានថ្លែងឱ្យដឹងថា ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ មានតម្លៃប្រមាណ៧.១១ពាន់លានដុល្លារ, ស្បែកជើង ១,២ពាន់លានដុល្លារ, ការបូប១,៤៧ពាន់លានដុល្លារ, វាយនភណ្ឌផ្សេងៗ ១១៨លានដុល្លារ, គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំ ២,៩៤ពាន់លានដុល្លារ និងទោចក្រយាន ៣៩៩ពាន់លានដុល្លារ។

បើតាម រដ្ឋមន្រ្តីក្រសួងពាណិ្ជកម្ម បានបន្ថែមថា ក្នុងនោះ ទីផ្សារសំខាន់ៗ ដែលទ្រទ្រង់ការនាំចេញរបស់កម្ពុជា រួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប អាស៊ាន ជប៉ុន ចិន ហុងកុង កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងអូស្ត្រាលីជាដើម។

លោកស្រី ចម និមល បានបន្ថែមទៀថា ជាលទ្ធផល រយៈពេល១១ខែ ឆ្នាំ២០២៣ ការនាំចេញអង្ករសម្រេចបាន ៥៩៥ ៦៣០តោន ធៀបនឹងឆ្នាំ២០២២ កើនឡើង៦.៥៣%។ ទន្ទឹមនឹងនេះ ក្រសួងក៏បានជំរុញនាំចេញកសិផលមួយចំនួនទៀតទៅកាន់ទីផ្សារអន្តរជាតិរួមមាន៖ ដំឡូងមីស្រស់, ចំណិតដំឡូងមីក្រៀម, ផ្លែមៀនស្រស់, ម្សៅដំឡូង, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់ពោត, សណ្ដែកបាយ, សណ្ដែកសៀង, ដូងប្រេង, និងបន្លែ។

ក្រសួងពាណិជ្ជកម្ម បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកសម្រាប់ការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ សំដៅជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

កម្ពុជានៅតែអាចរក្សាបាននូវកំណើននៃការនាំចេញ ដោយសារតែការដាក់ចេញ នូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ជួយសម្រួលទៅដល់សហគ្រាសធុនតូច និងមធ្យមដើម្បីរក្សាបាននូវដំណើរការផលិតកម្មធ្វើកិច្ច និងការវិនិយោគនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)