Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា រំពឹងកំណើនសេដ្ឋកិច្ច៥,៦% នៅឆ្នាំ២០២៣ ខណៈ WB ព្យាករទុកថានឹងមានកំណើន៥,៤%

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា កំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ និង​បន្ដងើបកាន់តែលឿនក្នុងអត្រា ៦,៦% នៅ​ឆ្នាំ២០២៤។ ខណៈ ធនាគារពិភពលោក (WB) បាន​ព្យាករទុកថា​នឹង​មាន​កំណើន៥,៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥,៥% ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ និងឡើងដល់​ ៥,៨% ក្នុង​ឆ្នាំ​២០២៤ និង​ ៦,១%​ ក្នុង​ឆ្នាំ​២០២៥។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាងពីរ ទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចនឹងរក្សាបាននូវ សុខសន្តិភាពពេញលេញ, ធានាអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ នានាជាច្រើន រៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។

សម្ដេចធិបតី បានថ្លែងបន្តថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការ យល់ដឹងប៉ុណ្ណោះទេ​ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការ យុទ្ធ​សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹង​ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈាន ឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។

ឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល​ នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព  និងកំណត់យកនូវឤទិភាពគន្លឹះ ចំនួន ៥ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ បើតាមថ្លែងបន្តទៀត សម្ដេចធិបតី។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា​ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់​ចេញ​ជា​បន្ដបន្ទាប់​នូវ​ «កម្មវិធីគោលនយោបាយអាទិភាព៦»​ ជាមួយ «វិធានការគន្លឹះ៥»  និង​វិធានការ​កែទម្រង់មុត​ស្រួចនានា ដែល​បាន​ដាក់​ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខនោះ កម្ពុជា រំពឹងថាអាចនឹង សម្រេច បានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ និង​បន្ដងើបកាន់តែលឿន ក្នុងអត្រា ៦,៦% នៅ​ឆ្នាំ២០២៤។

ប្រាកដណាស់​ថា ទស្សនវិស័យ​​កំណើន​​នេះ អាចនឹងប្រឈមនូវហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៅទ្បើយ។ បើតាមការបន្ថែម ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងន័យនេះ កម្ពុជាត្រូវប្រ កាន់នូវជំហរ និងស្មារតីកែទម្រង់ជាប់ជាប្រចាំ និងបុរេសកម្មជានិច្ចនិរន្តន៍ ដោយការព្យាយាមកសាងឱ្យបាន នូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចថែមទៀត ។

រាជរដ្ឋាភិបាកម្ពុជារំពឹងបានកំណើនសេដ្ឋកិច្ចខាងលើ ខណៈ របាយការណ៍ចុងក្រោយ ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយធនាគារពិភពលោក សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករទុកថា​នឹង​មាន​កំណើន៥,៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥,៥% ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ និងឡើងដល់​ ៥,៨% ក្នុង​ឆ្នាំ​២០២៤ និង​ ៦,១%​ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ចកម្ម​នានាដែល​កម្ពុជា​មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។

នៅក្នុង​ឆ្នាំនេះ កត្តា​រួមផ្សំ​រវាង​សម្ពាធ​ពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធ​លើ​កំណើន​ ទោះបីជាមាន​ការ​ងើបឡើងវិញ​ក្នុង​វិស័យទេសចរណ៍ និង​សេវាដទៃទៀត។ នៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាចុង​ក្រោយ​ក្រោម​ចំណងជើងថា ​​ Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោក​និយាយថា ប្រសិន​បើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការវិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កាលានុវត្តភាពពាណិជ្ជកម្ម នោះ​វា​នឹង​នាំ​ឱ្យ​កំណើន​បន្ត​បង្កើន​ល្បឿន​នៅ​ក្នុង​រយៈពេលមធ្យម និង​វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)