Register Already an agent ? Login

កម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍ទ្វេភាគីផ្តោតលើវិស័យសំខាន់៣ ត្រឹមឆ្នាំ២០២២កម្ពុជាបើកប្រាក់ជាង ៤ពាន់លានដុល្លារ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ជប៉ុន បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍ទ្វេភាគី ដោយផ្តោតលើវិស័យ អាទិភាពចំនួន៣ គិតត្រឹមឆ្នាំ២០២២ ភាគីជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤.៣១៩លានដុល្លារ។

លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួង ការបរទេសជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ប្រមាណ ១៣០រូប។

លោក ឈៀង យ៉ាណារ៉ា បានសម្តែងសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូជប៉ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

លោក បានបន្តថា កិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយ ត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របពេលជាមួយការរៀបចំប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៣នេះ។

ក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ដើម្បីសម្រេចបានទស្សនវិស័យរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមការគូសបញ្ជាក់របស់ លោក ឈៀង យ៉ាណារ៉ា។

នៅក្នុងកិច្ចប្រជុំ លោក UENO Atsushi បានលើកអំពីការកែសម្រួលនូវធម្មនុញ្ញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលជប៉ុនបានកែសម្រួលកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ និងការពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន CDC ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាប្រឈមក្នុងការ អនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមក ក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍ទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាព ចំនួន៣ គឺ៖

១-បរិវត្តកម្មសង្គមឌីជីថល, ២-ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង ៣-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដោយវិស័យទាំងនេះមានសង្គតិភាពជាមួយទិសដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន។

ជាមួយគ្នានេះ ភាគីជប៉ុនក៏បានឯកភាពយកសំណើ និងធាតុចូលរបស់ភាគីកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុង សេចក្តីព្រាងនៃគោលនយោបាយស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលភាគីជប៉ុនគ្រោងនឹងរៀបចំ នៅឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា ភាគីជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៍សំខាន់របស់កម្ពុជា ពោលគឺចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ភាគីជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤.៣១៩លានដុល្លារ ស្មើនឹង១៤% នៃហិរញ្ញប្បទានផ្តល់ដោយដៃតួអភិវឌ្ឍន៍ទាំងអស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)