Register Already an agent ? Login

ពន្ធដារ ប្រមូលចំណូលបានជាង ៣ពាន់លានដុល្លារ ១០ខែ ស្មើនឹងជាង៨៥% នៃផែនការប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្រេចបាន ១២ ៣៩៦,៨៤ប៊ីលានរៀល (ប្រមាណជា ៣ ០៦០,៩៥ លានដុល្លារ) ស្មើនឹង ៨៥,៧០% នៃផែនការប្រចាំឆ្នាំ២០២៣។ បើតាមការលើកឡើងរបស់ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ការលើកឡើងពីចំណូលជាង ៣ពាន់ដុល្លារ របស់លោក គង់ វិបុល នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

លោក គង់ វិបុល បានលើកឡើងបន្តថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ប្រមូលបានចំនួន ១១ ៣៦៥,៨១ ប៊ីលានរៀល (ប្រមាណជា ២ ៨០៦,៣៧លានដុល្លារ) ស្មើនឹង ៧៨,៥៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ១ ០៣៥,៨៨ប៊ីលានរៀល (ប្រមាណជា ២៥៥,៧៧ លានដុល្លារ) ស្មើនឹង ៧,១៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមការបន្ថែមរបស់ លោក គង់ វិបុល។

បើតាមកិច្ចប្រជុំនេះ លោក គង់ វិបុល បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ បានចុះបញ្ជីសហគ្រាសជោគជ័យចំនួន ១០ ១១៦ សហគ្រាស ក្នុងនោះតាមថ្នាល CamDx ចំនួន ៩ ១៨៩សហគ្រាស។ បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធទាំងស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ៣១១លើក។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ៩ រួមមាន ថៃ, សិង្ហបុរី, ព្រុយណេ, ចិន, វៀតណាម, តំបន់រដ្ឋបាល ពិសេសហុងកុង, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង។ បើតាមការបន្ថែមរបស់ លោក អគ្គនាយកដ្ឋានពន្ធដារ។

លោក បានបន្ថែមទៀតថា ខណៈ DTA កម្ពុជា-ម៉ាកាវ ដែលបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយ DTA កម្ពុជា-តួកគី បានបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីដាក់ឱ្យកិច្ចព្រមព្រៀងទាំងពីរចូលជាធរមាន ដោយច្បាប់ស្ដីពីការអនុម័តយល់ព្រមដែលប្រកាសឱ្យប្រើតាមរយៈ ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៨ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣ មានសហគ្រាសចំនួន ៣៤៧ បានស្នើសុំនិងទទួលបានអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)