Register Already an agent ? Login

សម្ដេចធិបតីប្រកាស ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត

កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។

ការប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ កម្ពុជា បាន អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត, រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពលផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ។

ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកទាំង៩ ដូចជា អគាររដ្ឋបាលសាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់ជាដើម។

ដោយឡែក សម្រាប់ការប្រកាសខេត្តអស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការថ្លែងបន្តរបស់ សម្ដេចធិបតី។

នាពិធីនោះ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។ សម្ដេចធិបតី បានបន្តថា កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោសសម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃទៀតផងដែរ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះ កន្លែងខ្លះដាក់ដោយមានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។ បើតាមការលើកឡើងបន្តរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តទៀតថា ខេត្តកំពង់ស្ពឺ ក្រោយទទួលបានសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។

ក្នុងកាសនោះដែរ សម្តេចធិបតី បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គប្បីខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យផលទទួលបានដល់ដៃ ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំ ដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)