Register Already an agent ? Login

នីតិវិធីនៃការស្នើសុំផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន និងការស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ

ភ្នំពេញ៖ ការស្នើសុំផ្អាក សកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន និងការស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ អ្នកជាប់ពន្ធត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ តាមជម្រើសចំនួន ២។

ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានវាគ្មិនចូលរួមជាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ រួមមាន លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក កុល ម៉ារ៉ាដុល្លា ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានពន្យល់យ៉ាងលម្អិតអំពីនីតិវិធីនៃការស្នើសុំផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន និងការស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ។

បើតាម វាគ្មិន បានឱ្យដឹងដា ការស្នើសុំផ្អាក សកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន និងការស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ អ្នកជាប់ពន្ធត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ តាមជម្រើសចំនួន ២ គឺ៖

ទី១-ការបំពេញបែបបទនិងដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online)៖ អ្នកជាប់ពន្ធត្រូវចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋាន ពន្ធដារដែលមានអាសយដ្ឋាន https://www.tax.gov.kh/km/e-service បន្ទាប់មកចូលទៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ ជ្រើសរើស Icon ស្នើសុំការផ្អាកអាជីវកម្មឬបើកដំណើរការឡើងវិញ រួចបំពេញព័ត៌មានរបស់សហគ្រាសឱ្យបានត្រឹមត្រូវ និងចុច បញ្ជូនពាក្យស្នើសុំជាការស្រេច។

ទី២-ការបំពេញបែបបទនិងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមរយៈអ៉ីម៉ែល៖ អ្នកជាប់ពន្ធត្រូវបំពេញព័ត៌មានតម្រូវនានា តាមទម្រង់ពាក្យស្នើសុំ (SUS_01) ដែលអាចស្វែងរកបាននៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ បន្ទាប់មកត្រូវយកពាក្យស្នើសុំ មកដាក់នៅនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ឬដាក់នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌចំពោះសហគ្រាសដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់របស់សាខាពន្ធដារខេត្ត-ខណ្ឌនោះ។

អ្នកជាប់ពន្ធអាចដាក់ពាក្យស្នើសុំផ្អាកសកម្មភាពអាជីវកម្មក្នុងមួយលើកមិនលើសពី ៦ខែ និងអាចស្នើសុំបន្តផ្អាកសកម្មភាពអាជីវកម្មបានដោយ ត្រូវដាក់ពាក្យស្នើសុំឱ្យបានយ៉ាងតិច ១ខែ មុនផុតសុពលភាពនៃការផ្អាកសកម្មភាព។ បើតាមការបញ្ជាក់របស់ វាគ្មិន។

បើតាម វាគ្មិន បានបន្តថា ក្នុងករណីម្ចាស់សហគ្រាសមានបំណងបើកដំណើរការ អាជីវកម្មឡើងវិញមុនកាលកំណត់ ត្រូវដាក់ស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌយ៉ាងតិច ១៥ថ្ងៃ មុនដំណើរការអាជីវកម្ម។ ក្នុងអំឡុងពេលនៃការអនុញ្ញាតឱ្យផ្អាកសកម្មភាពអាជីវកម្ម សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំទៅតាមកាលបរិច្ឆេទ កំណត់ ជូនរដ្ឋបាលសារពើពន្ធ និងបង់ពន្ធអាករដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការផ្អាក សហគ្រាសមិនអាច៖ ចេញវិក្កយបត្រអាករលើតម្លៃបន្ថែមលើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស

- ស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម

- អនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពអាជីវកម្មផ្សេងៗទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)