Register Already an agent ? Login

តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក៖ កំណើនសេដ្ឋកិច្ចនៅថេរ ប៉ុន្តែសន្ទុះថយចុះ

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​ព្យាករ​ថា​នៅ​រក្សា​លំនឹងបានថេរ​ល្អ​ត្រឹម​ ៥%​ ក្នុង​ឆ្នាំ​២០២៣ ប៉ុន្តែវា​នឹង​ថម​ថយ​សន្ទុះ​បន្តិចវិញ​​ក្នុង​អំឡុង ៦ខែ​ចុង​ក្រោយ​នៃ​ឆ្នាំដដែល រហូតដល់ឆ្នាំ​២០២៤ ដែលកំណើន​ត្រូវ​បាន​ព្យាករថា​នឹង​ធ្លាក់​មក​នៅត្រឹម ៤,៥% ប៉ុណ្ណោះ។ ធនាគារ​ពិភព​លោក​​និយាយ​ដូច្នេះ ​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​អំពីស្ថានភាពសេដ្ចកិច្ច​នៅ​ក្នុង​តំបន់ ដែល​​ចេញ​ផ្សាយ​នៅទី១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុង​របាយការណ៍ “បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៣” (East Asia and Pacific October 2023 Economic Update 2023) ធនាគារពិភពលោកនិយាយថា នៅឆ្នាំនេះ តំបន់ទទួលបានកំណើនខ្ពស់ជាងកំណើនជាមធ្យមដែលបានព្យាករទុកសម្រាប់ប្រទេសដែលកំពុងរីកចម្រើនផ្សេងទៀត និងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ប៉ុន្តែវានៅតែទាបជាងការព្យាករកាលលើកមុន។ កំណើននៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ត្រូវបានព្យាករថានឹងមាន ៥,១% ហើយនៅក្នុងតំបន់ក្រៅពីចិន កំណើន​នឹងមានត្រឹម​ ៤,៦%។ កំណើនក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វ៊ិកត្រូវបានរំពឹងទុកថា នឹងមាន ៥,២%។

នៅឆ្នាំ២០២៤ ស្ថានភាពប្រសើរឡើងនៅខាងក្រៅតំបន់​នឹងជួយដល់កំណើននៅផ្នែកដទៃនៃតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក​​ ប៉ុន្តែស្ថានភាពលំបាកដែលបន្តមាននៅក្នុងប្រទេសចិន ជាពិសេស ការថមថយ​សន្ទុះនៃការងើបឡើងវិញពីការបើកឡើងវិញសេដ្ឋ​​​កិច្ចរបស់​ចិន, ការពូនគរបំណុល, និងការចុះខ្សោយក្នុងវិស័យអចលនទ្រព្យ, កត្តារចនាសម្ព័ន្ធដូចជា ភាពចាស់ជរា​ក្នុង​ចំណោម​ប្រជាជនចិន​ ជាដើម នឹងដាក់សម្ពាធទៅលើកំណើនសេដ្ឋកិច្ច​នៅក្នុងប្រទេសចិន ដោយទាញវាឱ្យធ្លាក់ចុះមកនៅត្រឹម ៤,៤% ក្នុង​ឆ្នាំ២០២៤។

កំណើននៅក្នុងផ្នែកដទៃទៀតនៃតំបន់ ត្រូវបានរំពឹងទុក​ថានឹងងើបឡើងវិញដល់កម្រិត​ ៤,៧% ក្នុង​ឆ្នាំ២០២៤ ដោយសារការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ អាចជួយប៉ះប៉ូវទូទាត់ជាមួយផលប៉ះពាល់សេដ្ឋកិច្ច​ ដែល​បណ្តាលមកពីការធ្លាក់ចុះនៃកំណើននៅក្នុងប្រទេសចិន និងពីវិធានការគោលនយោបាយពាណិជ្ជកម្មនៅក្នុងប្រទេសផ្សេងទៀត។ លើសពីនេះ ការកើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងលទ្ធភាពកើតមានគ្រោះមហន្តរាយធម្មជាតិ រួមមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗផង​ សុទ្ធតែជាហានិភ័យដែលអាចជះផលអវិជ្ជមានចំពោះទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ផងដែរ។

លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍​ដូច្នេះ​ថា៖ “តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនលឿនជាងគេ និងមានភាពស្វាហាប់បំផុតក្នុងពិភពលោក បើទោះបីជាកំណើនមានកម្រិតមធ្យមក៏ដោយ។ ក្នុងរយៈពេលមធ្យម ការរក្សាកំណើនខ្ពស់ឱ្យមាននិរន្តរភាព ទាមទារឱ្យមានកំណែទម្រង់ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងឧស្សាហកម្ម, ធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងបញ្ចេញសក្តានុពលនៃការបង្កើនផលិតភាព និងការបង្កើតការងារនៅ​ក្នុង​វិស័យសេវាកម្ម។”

ផ្នែកផ្តោតពិសេសក្នុង​របាយការណ៍នេះនិយាយថា វិស័យសេវាកម្មអាចដើរតួនាទីកាន់តែខ្លាំងជាងមុន​ក្នុងការជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ដែលគេស្គាល់ជាទូទៅថា​ជាតំបន់ដែលមានវិស័យផលិតកម្មជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ វិស័យសេវាកម្មបានក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់​កំណើន​ផលិតភាពការងារសរុប ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការនាំចេញសេវាកម្មបានកើនឡើងលឿនជាងការនាំចេញទំនិញ។

រីឯ កំណើននៃការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសេវាកម្មវិញ វាមានលើស ៥ដងលើការវិនិយោគនៅក្នុងវិស័យផលិតកម្មនៅក្នុង​ប្រទេសចិន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន និងថៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)