Register Already an agent ? Login

លោក ស៊ុន ចាន់ថុល អំពាវនាវសហគ្រិនជាសមាជិក DMDI មកវិនិយោគនៅកម្ពុជា ខណៈរដ្ឋាភិបាលបើកចំហលើគ្រប់វិស័យ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិក (Dunia Melayu Dunia Islam(DMDI) ទាំងអស់ចូលមកវិនិយោគនៅកម្ពុជា ខណៈ រដ្ឋាភិបាលបើកចំហលើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាសហធិបតីរួមជាមួយ TYT Tun Seri Setia (Dr) Hj Mohd Ali bin Mohd Rustam ប្រធានអង្គការ DMDI ក្នុងពិធីបើកសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ ស្ដីពី “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា” នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងពិធីនេះ លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ ពិសេសជូនចំពោះអ្នកដែលចូលរួមក្នុងសន្និសីទនាថ្ងៃនេះ សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។

កម្ពុជា ក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។ បើតាម ការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត។

លោក បានបន្តទៀតថា សំខាន់ជាងនេះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។

អនុប្រធានទី១ CDC បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យលើកកម្ពស់ទំនើបកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅកាន់ខ្សែច្រវ៉ាក់តម្លៃសកល ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្មស្របតាមការពង្រឹងសមត្ថភាពប្រកួតប្រជែង និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ខណៈពេលដែលបន្តអភិវឌ្ឍឧស្សាហកម្មទំនើបដោយផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ។

គូសបញ្ជាក់ថា សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម(DMDI)នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI ដែលក្នុងនោះក៏មានការផ្តោតលើឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ។

គួរឱ្យដឹងថា DMDI ជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក និងប្រជាជនមុស្លីមម៉ាឡេ ពិសេសពាណិជ្ជករ ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងៗ ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើ វិស័យដូចជា៖ ១.សេដ្ឋកិច្ច, ២.អភិវឌ្ឍន៍សហគមន៍, ៣.អប់រំ យុវជន និងកីឡា, ៤.វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥.វប្បធម៌ចម្រុះ, ៦.ឃោសនាអប់រំឥស្លាម, ៧.អភិវឌ្ឍន៍ស្ត្រី, ៨.ទេសចរណ៍, ៩.សុខភាព និងអនាម័យ និង ១០. ព័ត៌មានវិទ្យា។

កាលពីឆ្នាំ២០១២ កម្ពុជាត្រូវបានបញ្ចូលជាសមាជិក ហើយអង្គការនេះមានសមាជិកចំនួន ២២ប្រទេសផ្សេងទៀតរួមមាន ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ ស្រីលង្កា និងស៊ូរីណាម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)