Register Already an agent ? Login

វឌ្ឍនភាព គ​ម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តម្លៃជាង៦៥លានដុល្លារ ប្រវែងជិត១៥០គ.ម សម្រេចបានជាង៣៥%

កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុង តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិមានប្រវែងជិត ១៥០គីឡូម៉ែត្រ វឌ្ឍនភាពការងារសម្រេចបានជាង​៣៥% ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ បើតាមការចុះពិនិត្យដោយអន្តរក្រសួងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច។

គណៈប្រតិភូអន្តរក្រសួង ដែលបានចុះត្រួតពិនិត្យគុណភា​ព​ និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ ដឹកនាំដោយ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។

ការចុះត្រួតពិនិត្យគុណភា​ព សាងសង់ផ្លូវជាតិលេខ៤៨ ក្នុងគោលបំណងតាមដានការសាងសង់ ដើម្បីធានាថាក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។

គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ-១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។

តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។ លោក សូរ វ៉ិចទ័រ បានក្រើនរម្លឹកដល់

ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់ តាមផែនការដែលបានស្នើសុំ។

គណៈប្រតិភូអន្តរក្រសួង បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រផងដែរ។

គូសបញ្ជាក់ថា គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជាដែលភ្ជាប់ប្រទេសកម្ពុជា ទៅ​ប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើ​សមា​ហរណកម្ម តភ្ជាប់ផ្ទៃក្នុង ប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញ ការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូន​ដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយ នៃផ្លូវអាស៊ាន ហាយវ៉េ ១២៣(ASEAN Highway 123) និងជារបៀងមាត់ សមុទ្រខាងត្បូង របស់មហាអនុតំបន់មេគង្គ GMS (R10) ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)