Register Already an agent ? Login

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ ប្រវែង ១៧៦១ម៉ែត្រ ត្រើយ​ខាងកើត​ស្ថិតនៅត្រង់​ភូមិ​​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច​ស្ថិតនៅត្រង់​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។

ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ ​ដែលមាន​ប្រវែង​ជាង​​ ១ពាន់​ម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិ​ចិន ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព សម្ដេចតេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ វ៉ាង វិ​ន​ធាន ឯកអគ្គ​​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

គម្រោង​នេះ ត្រូវ​អនុវត្ដ​ការ​​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ (SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ ៤២​ខែ ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៦ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១១៤​លាន​ដុល្លារ​។

ស្ពានដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានត្រើយខាងលិចទន្លេមេគង្គ ឆ្លងកាត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែក នៅត្រើយខាងកើតនៃទន្លេមេគង្គវិញ គឺតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ ទៅផ្លូវជាតិលេខ៧ ទៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។

គម្រោង​សាង​​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​រួមជាមួយ​នឹង​ផ្លូវ​ត​ភ្ជាប់​ដែល​កំពុង​រៀបចំ​ពិធី​បើក​ការ​​ដ្ឋា​ន​សាងសង់​នាឱកាស​នេះ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់​ទំនង និង​ក្តីសង្ឃឹម រវាង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​រស់នៅ​ត្រើយ​ខាងលិច រួមទាំង​ត​ភ្ជាប់​តំបន់​ដាច់​​ស្រយាល​នៅ​ភូមិភាគ​ឦសាន​មកកាន់​ទីប្រជុំជន​ផងដែរ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក បានបញ្ជាក់ថា ក្រោយពី​ការសាងសង់​រួច ស្ពាន​និង​ផ្លូវ​ត​ភ្ជាប់​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ដល់​ប្រជាពលរដ្ឋ​យើង​ធ្វើដំណើរ​ទៅ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ជាពិសេស​ទៅកាន់​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវការ​សង្គ្រោះបន្ទាន់​ម្តងៗ​ព្រម​ទាំង​ជួយ​សម្រួល​ដល់​ក្មួយៗ​សិ​ស្សា​នុ​សិស្ស​ធ្វើដំណើរ​ទៅកាន់​សាលា​រៀន​បាន​ឆាប់រហ័ស និង​ប្រកបដោយ​សុវត្ថិភាព​ផងដែរ

ស្ពាននេះ ជាស្ពានទី១១ ក្នុងចំណោម ស្ពានធំៗ ដែលកម្ពុជាបានសាងសង់ក្រោមឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ បើតាមការបន្តរបស់ លោក ស៊ុន ចាន់ថុល

លោក បានបន្តទៀតថា កម្ពុជាសាងសង់ស្ពានក្រោមទានឥតសំណងពីមិត្តចិន មានស្ពាន១០ កំពុងដំណើរការ ក្នុងនោះរួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន សេកុងស្ទឹងត្រែង,ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានជ្រោយចង្វារទី២, ស្ពានមេគង្គស្ទឹងត្រែង, ស្ពានតាខ្មៅ, ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ, ស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ, ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់- ក្រូចឆ្មារ និងស្ពានមិត្តភាពកម្ពុជា-ចិន(សិត្បូ)។

គូសបញ្ជក់ថា បន្ទាប់ពីបញ្ចប់គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)