Register Already an agent ? Login

ផ្លូវជាតិលេខ២១ ក្នុងខេត្តកណ្តាល ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយនឹងបណ្តាញផ្លូវគមនាគមន៍

កណ្ដាល៖ ផ្លូវជាតិលេខ២១ មានប្រវែង៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ដោយឆ្លងកាត់ក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ដែលជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួន។

ផ្លូវជាតិលេខ២១ បានចាប់ផ្ដើមជួសជុលកែលម្អឱ្យប្រសើរឡើងវិញ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ដោយបានបញ្ចប់ នៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែង ៦៣,៦គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ អំឡុងខែមេសា ឆ្នាំ២០១៥ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រយៈពេល ៤៦ខែ ទំហំទឹកប្រាក់ប្រមាណ ៦០,៩២លានដុល្លារ។

ការជួសជុលកែលម្អឱ្យប្រសើរឡើងវិញ ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដាសាន់ (DASAN Consultants Co., Ltd)។

ក្រោយពីបញ្ចប់ ការជួសជុលកែលម្អឱ្យប្រសើរឡើងវិញ សមិទ្ធិផលផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។

ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់ រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀត ណាម (ជ្រៃធំ-ឡុងប៊ិញ)។

ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញនិងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។

ក្រៅពីគម្រោងជួសជុកែលម្អឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២១ ក្នុងខេត្តកណ្ដាល ក៏មានសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងស្រុកកោះធំ មានប្រវែងស្ពានសរុប ៤១៥ម៉ែត្រ និងទទឹងស្ពាន ១៣,៥ម៉ែត្រ ខាងលិចស្ពាន ផ្លូវជាតិលេខ២១ ភូមិព្រែកធន់ ឃុំព្រែកថ្មី និងខាងកើតស្ពាន ផ្លូវលេខ១១០ ភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ។

ស្ពាននេះ ជាប្រភេទស្ពានបេតុងសរសៃដែក បានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៤ និងបានបញ្ចប់ការសាងសង់ចុងឆ្នាំ២០១៦ រយៈពេល៣៦ខែ ទំហំទឹកប្រាក់គម្រោងប្រមាណជា២២,១៩លានដុល្លារ សាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់ចិន។

សមិទ្ធិផលស្ពាននេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ រួមទាំងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)