
ភ្នំពេញ៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម គ្របដណ្តប់លើផ្ទៃដី ៧០០.០៦ហិកតា នៅសល់ប្រមាណ២% ទៀតប៉ុណ្ណោះនឹងរួចរាល់ ខណៈវឌ្ឍនភាព គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបាន ៩៨%ហើយ និងបានរហោះហើរសាកល្បងជាច្រើនលើករួចមកហើយ។ បើតាមការឱ្យពី ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្តថា បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានផ្លូវរត់អាចចុះចតយន្តហោះចំនួន ៣៨គ្រឿង អាចទទួលការចុះចតយន្តហោះខ្នាតធំបានច្រើនបំផុតដោយប្រើលេខកូដ E (Code E: A-340-300, A350-900 និង B777-200/300ER、B747-300/400)អាចទទួលអ្នកដំណើរបាន ៧លាននាក់ក្នុងឆ្នាំ២០២៣ និងទទួលបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអាចទទួលបានអ្នកដំណើរ ១០.៥លាននាក់នៅឆ្នាំ២០៤០។

លោក បានបន្តទៀតថា ចំនួនជើងហោះហើរដែលអាចទទួលបានអាចឡើងដល់ ៥៨,០០០-៨៦,០០០ ក្នុង១ឆ្នាំ ហើយបរិមាណទំនិញតាមអាកាសដែលអាចទទួលយកបានពី ១០,០០០-៣០,០០០តោន ក្នុង១ឆ្នាំ។
លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនបានសម្រេច ៩៤% (Airport Expressway) ប្រវែង ២៤,៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅកាន់ទីប្រជុំជនខេត្តសៀមរាប ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយផ្លូវនេះតភ្ជាប់ទៅផ្លូវជាតិលេខ៦ ហើយរំពឹងថានឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំនេះ។

អាកាសយានដ្ឋានថ្មីរបស់ខេត្តសៀមរាបថ្មី កំពុងត្រូវបានសាងសង់ឡើងតាមគំរូ សាងសង់-អាជីវកម្ម-និងផ្ទេរ (BOT) ដែលគ្របដណ្តប់លើផ្ទៃដី ៧០០.០៦ហិកតា និងក្រោមទុនវិនិយោគប្រមាណជិត ១ពាន់លានដុល្លារ ត្រូវបានគេប្រើសម្រាប់ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តំបន់ឧស្សាហកម្មរណប ដែលអាចហៅថា ទីក្រុងអាកាសចរណ៍ នាពេលអនាគត។ បើតាមការបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវុត្ថា។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមទៀតថា ចំពោះការទូទាត់សំណង ការផ្ទេរ និងទទួលយកបុគ្គលិក ទៅតាមការស្ម័គ្រចិត្ដ ជាមួយក្រុមហ៊ុនសម្បទាន SCA/Cambodia Airports (ព្រលានយន្តហោះចាស់)។

លោក បានបញ្ជាក់ថា ក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ នឹងទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅអាកាសយានដ្ឋានថ្មីនេះ ដោយអនុលោមទៅតាមក្រប ខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះ ដោយឡែកអតីតភាព តួនាទី និងភារកិច្ច (អាជីព) របស់បុគ្គលិកដែលធ្លាប់បម្រើការងារ នៅអាកាសយានដ្ឋានចាស់នឹងត្រូវបានរក្សាដូចតួនាទីដដែល ធ្លាប់មានកន្លងមក ឬអាចទទួលបានប្រសើរជាងមុន (អាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង)។

លោក បន្តទៀតថា ក្នុងនោះដែរ ចំពោះអ្នកដែលមានបំណងផ្លាស់ប្ដូរអាជីព ក៏ត្រូវទទួលបានការអនុញ្ញាតផងដែរ បច្ចុប្បន្នក្រុមហ៊ុនប្រតិបត្តិករ បាននិងកំពុងជ្រើសរើសបុគ្គលិកខាងក្រៅបន្ថែមជាបណ្តើរៗ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដើម្បីបំពេញបន្ថែមស្របតាមតម្រូវការ។
គួសបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយជាង ៥១គីឡូមែត្រ ពីក្រុងសៀមរាប និងប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត។ ចាប់ផ្តើមសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន AIAI៕
ដោយ៖ មឿន ឌីណា (Moeun Dyna)