Register Already an agent ? Login

អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក សន្យាជួយលើកស្ទួយវិស័យ​ទេសចរណ៍កម្ពុជា

ភ្នំពេញ៖ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashvili) អគ្គលេខាធិការ​អង្គការ​ទសចរណ៍ពិភពលោក បានសន្យាថា នៅតែបន្តគាំទ្រ និងជួយលើកស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញ។

លោក ហ្សូរ៉ាប បានថ្លែងសន្យាបែបនេះ ក្នុងពេលជួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀល​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក ហ្សូរ៉ាប បានជម្រាបសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំលើក​ទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈ​កម្មការ​តំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវក្រមការពារទេសចរណ៍។

លោក ហ្សូរ៉ាប ក៏បានសំដែងការគោរពចំពោះទស្សនៈវែងឆ្ងាយ និងការប្ដេជ្ញាចិត្តខ្ពស់របស់សម្តេចតេជោ លើសម្រាប់វិស័យទេសចរណ៍ មានជាអាទិ៍៖ ការគាំទ្រក្រមការពារទេសចរណ៍ និងជាពិសេសការជួយអ្នកទេសចរ​ដែលជាប់​នៅលើ​នាវា Westerdam ដោយអនុញ្ញាតឱ្យចូលចតនៅកម្ពុជា ក្នុងពេលប្រទេសដទៃ មិនឱ្យចូលចត ព្រោះខ្លាចការឆ្លងជំងឺកូវីដ-១៩។

លោកអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ក៏បានសំដែង​ការអបអរ​សាទរជូនសម្តេចតេជោ​ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ បានយ៉ាងជោគជ័យ។

លោក បានបន្តថា ជាពិសេសថ្មីៗនេះ បានរៀប​ចំព្រឹត្តិការណ៍ស៊ីហ្គេម, អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំង​នេះសុទ្ធតែមានការតភ្ជាប់ជាមួយវិស័យទេសចរណ៍ដោយផ្ទាល់ និងដោយ​ប្រយោលផង​ដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រមការពារទេស​ចរណ៍ មានសារៈសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍​មកកាន់កម្ពុជា។ លើសពីនោះទៅទៀត កម្ពុជា បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បី​គាំទ្រដល់វិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យទេសចរណ៍មកកម្ពុជា ធានាបានទាំង​សុខ​សុវត្ថិភាពផង ទាំងសុខភាពល្អផង។

ចំពោះបញ្ហានាវា Westerdam វិញ សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការងារ​មនុស្សធម៌ និងជាការទទួលខុសត្រូវ ជួយដល់ជីវិតមនុស្សនៅពេលនោះ ខណៈដែលមិនមានប្រទេសណាអនុញ្ញាតឱ្យនាវាចូលចតទេ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចតទេនោះ ជីវិតមនុស្សនៅលើនាវា នឹងអាណោចអាធមខ្លាំងណាស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការទេសចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ ហើយក្រមការពារទេសចរណ៍នេះ គួរមានការផ្សព្វផ្សាយឱ្យ​បានទូលំទូលាយ និងអនុវត្តឱ្យបានល្អ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)