Register Already an agent ? Login

កម្ពុជា​រកចំណូល​បានជា​ង ២០៦​លាន​ដុល្លារ ​ពី​ការនាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ ៤ខែឆ្នាំ២០២៣

ភ្នំពេញ៖ គឺ​ចាប់ពី​ខែមករា ដល់ ​ខែមេសា ឆ្នាំ​២០២៣ ការនាំចេញ​ទំនិញ​រួម​មាន​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ មាន​ទឹកប្រាក់​សរុប ២០៦,៧៣លាន​ដុល្លារ កើនឡើង ៣៨% ​បើគ្រា​ដូចគ្នា​ឆ្នាំ​២០២២​។ បើតាម​តារាង​ស្ថិតិ​ទំនិញ​ពា​​ណិ​ជ្ជ​កម្ម​នាំចេញរបស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ បានបន្តថា ទឹកប្រាក់​នាំចេញ​​ស្មើនឹង ២,៩% ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​រយៈ​ពេល ៤ខែ ឆ្នាំ២០២៣ ដែលមាន ៧ ២៣៤,១២លាន​ដុល្លារ​។

តាម​តារាង​ស្ថិតិ​ទំនិញ​ពា​​ណិ​ជ្ជ​កម្ម​នាំចេញ បានបន្តឱ្យដឹងទៀតថា សម្រាប់​ខែមេសា ឆ្នាំ​២០២៣ ការនាំ​ចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ មាន​ទឹកប្រាក់ ៣៨,៦៣​ លាន​ដុល្លារ កើន ២០,៣% ​ពី​ចំនួន ៣២,១១​លាន​ដុល្លារ កាលពី​ខែមេសា ឆ្នាំ២០២២​។​

ទោះ​តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មិនសូវ​ល្អ ប៉ុន្តែ​បរិមាណ​នាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​កម្ពុជា​នៅតែមាន​សញ្ញា​វិ​ជ្ជ​មាន​។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។

លោក បានលើកឡើងបន្តថា ទឹកប្រាក់​នាំចេញ​នេះ​នឹង​កើនឡើង​ថែមទៀត​នៅពេល​ស្ថានភាព​នយោបាយ និង​កំណើន​សេដ្ឋ​​កិច្ច​ពិភពលោក​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ដូច​មុន​ឆ្នាំ២០២០​។​

លោក ហ៊ឹម អូន​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កៅស៊ូ បានលើកឡើងថា ដោយ​សារ​តែ​ទីផ្សារ​កៅស៊ូ​កម្ពុជា​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​ទៅលើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​បើ​ទីផ្សារ​អន្តរជាតិ​មាន​ស្ថានភាព​មិនល្អ វា​ក៏​ធ្វើឱ្យ​តម្រូវការ និង​តម្លៃ​ធ្លាក់ចុះ​ដែរ​។

លោក បានន្តថា ជាក់ស្តែង​ភាពមិនប្រាកដប្រជា​នៃ​កំណើនសេដ្ឋកិច្ច​ពិភព​​លោក​នាពេលនេះ គឺ​បានធ្វើឱ្យ​តម្រូវ​ការប្រើប្រាស់​ជ័រកៅស៊ូ​មិនមាន​ច្រើន​ដូចពេលមុន​ឡើយ​។

មិនសូវមាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ហេតុនេះ​ភាគច្រើន​នៃ​ទិន្នផល​ជ័រកៅស៊ូ​ដែល​ប្រមូលបាន​នៅ​កម្ពុជា​ត្រូវបាន​ឈ្មួញ​នាំយកទៅ​លក់​នៅ​ប្រទេសមួយ​ចំនួន​ដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហ​បុរី ជប៉ុន និង សហគមន៍​អឺ​រ៉ុ​ប ជាដើម។ បើតាមការបញ្ជាក់របស់ លោក ហ៊ឹម អូន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)