Register Already an agent ? Login

សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។

ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍​ទីក្រុងរណបជ្រោយចង្វាមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តថា ការស្ថាប​នា​ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ខែ ដោយចំណាយថវិកាអស់ចំនួន ៣៥​លានដុល្លា ជាកញ្ចប់ថវិកា បានមកពីមូលនិធិតំបន់អភិវឌ្ឍន៍​ជ្រោយ​ចង្វារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។

ស្ពាននេះមានប្រវែង ៥១០ម៉ែត្រ ទទឹង ២០.៥ម៉ែត្រ និងមានបណ្តោយស្ពានសរុបប្រវែង ៩២២ម៉ែត្រ។ គន្លងផ្លូវរត់របស់តួស្ពាន មានចំនួន ៦គន្លង សម្រាប់ចរាចរទ្វេទិស ៣គន្លង​ទៅ និង៣គន្លងមក។ ក្នុងនោះ គន្លងផ្លូវរត់ម្ខាងៗ មាន ២គន្លង សម្រាប់រថយន្ត និង ១គន្លង សម្រាប់ទោចក្រយានយន្ត។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ សម្ដេចតជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយឡែកស្ពានអាកាសឫស្សីកែវវិញ មានទីតាំងស្ថិតតាមបណ្ដោយផ្លូវ​ជាតិ​លេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ គឺជាស្ពាន​អាកាស​ទី៦ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្ដេចតេជោ ហ៊ុន សែន។

ស្ពានអាកាសឫស្សីកែវ បានចំណាយថវិកាសាងសង់អស់ចំនួនជិត ១០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរា របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពានអាកាសឫស្សីកែវ មានទទឹងទំហំ ១៥.៨ម៉ែត្រ បណ្តោយតួស្ពានប្រវែង ១៤៥ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៥៧ ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៨១ម៉ែត្រ សរុបមានប្រវែង ៤៨៣ម៉ែត្រ។ ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ១៦ខែ។

ការស្ថាបនាស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ទន្ទឹមគ្នាទៅនឹងការស្ថាបនា​ស្ពាន​អាកាសឫស្សីកែវ ដោយផ្សារភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានភ្លោះ​ជ្រោយចង្វា គឺជាតភ្ជាប់ប្រព័ន្ធឡូជីស្ទិករវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ដែលនឹងធ្វើឱ្យតំបន់នេះ ជាពិសេសតំបន់ឫស្សីកែវ និងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា កាន់តែមានសក្តានុពលក្នុងការ​អភិវឌ្ឍ​លើគ្រប់វិស័យ ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ទៅមកចេញ-ចូលរាជធានីភ្នំពេញ បញ្ចៀសការកកស្ទះរយៈពេលយូរ និងជាសរសៃឈាមយុទ្ធសាស្ត្រដ៏សំខាន់ ដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ ទាំងក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna