Register Already an agent ? Login

តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ផ្ទៃដី៣៥៧ហិកតា ទុនវិនិយោគ ៧៤៥លានដុល្លារ មានរោងចក្រ សហគ្រាសសរុប៩៨

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទំហំផ្ទៃដី ៣៥៧ហិកតា បានដាក់ទុនវិនិយោគ ៧៤៥ លានដុល្លារ មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុម ប្រឹក្សាភិបាល។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានដាក់ទុនវិនិយោគ ៧៤៥លានដុល្លារ មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ។

រោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការនេះ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារក្នុងឆ្នាំ២០២២។

ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារ អគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន។ 

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ រោងចក្រឈ្មោះ ម៉ាវ៉ល ហ្កាមិន (Muvel Giman) ផ្ទៃដីសរុបចំនួន ៥១ហិកតា ដើមទុនវិនិយោគ ២៥០លានដុល្លារ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទ រោងចក្រកាត់ដេរសំលៀកបំពាក់ អាវងារ និងខោកីឡា ម៉ាកល្បីៗគឺ ណៃគឺ (NIKE), ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បរិមាណនាំចេញ ៤២ ៩៥២០២៨កំផ្លេ ទំហំទឹកប្រាក់នាំចេញ ៤២៧.៦៣១ ០១៧ដុល្លា/ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរម្លឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង៦៤ រោងចក្រប៉ុណ្ណោះ ហើយមានកម្មករ តែ៨ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០លានដុល្លារ។ ហើយពេលនោះកម្មករ ៨ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារ។

បច្ចុប្បន្ន មានរោងចក្រទៅដល់ ១៣២៦រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ម៉ឺននាក់។ ប៉ុន្ដែ សរុបក្នុងឆ្នាំ ២០២៣ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០រោងចក្រ មានកម្មកររហូតដល់ ១លាន៥សែននាក់ ដែលនេះជាចំនួននៃការកើនឡើងនៃវិស័យឧស្សាហកម្មសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោម ២០០ដុល្លារ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។

សម្តេចតេជោ បានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង ៤០០ដុល្លារ បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)