Register Already an agent ? Login

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី សម្រេចបានប្រមាណ ៥២លានដុល្លារ កើន ៨០% ត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ ត្រីមាសទី១ នៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី សម្រេចបានប្រមាណ ៥២លានដុល្លារ ជាមួយនឹងអត្រាកំណើនប្រមាណ ៨០% បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២២។ បើតាមជំនួបពិភាក្សារការងារវាងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជាមួយ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគីប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

នៅនោះក្នុងជំនួបពិភាក្សាការងារនោះ បានឱ្យដឹងទៀតថា និញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯ កម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា អមដោយលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី បានថ្លែងអំណរគុណជូនចំពោះលោកស្រីអគ្គរដ្ឋទូត ដែលជានិច្ចកាលបានខិតខំលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោកស្រិ រដ្ឋលេខាធិការ បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ចនិងបរិយាកាសវិនិយោគ និងបានស្នើលោកស្រីអគ្គរដ្ឋទូត និងលោកស្រីទីប្រឹក្សាពាណិជ្ជកម្ម លើកទឹកចិត្តនិងកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដារហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម។ 

ជាការឆ្លើយតប លោកស្រីអគ្គរដ្ឋទូត បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។ លោកស្រី បានបញ្ជាក់ថា ការណ៍នេះបានញ៉ាំងឱ្យតួកគីបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូងនិងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែមក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ទីប្រឹក្សាពាណិជ្ជកម្ម បានធ្វើការណែនាំខ្លួន និងចែករំលែកបទពិសោធន៍ការងារក្នុងវិស័យពាណិជ្ជកម្មអស់រយៈពេល១៥ឆ្នាំ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការចែករំលែកចំណេះដឹងតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។

បើតាមជំនួបនេះ ភាគីទាំងពីរក៏បានអបអរចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅភ្នំពេញ និងបានឯកភាពជំរុញការអនុវត្តសកម្មភាពការងារដូចបានព្រមព្រៀងគ្នាក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំខាងលើ ព្រមទាំងកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក។

ក្នុងនោះដែរ ភាគីទាំងពីរនឹងព្យាយាមបញ្ចប់នីតិវិធីចាំបាច់ផ្ទៃក្នុង ដើម្បីចាប់ផ្តើមធ្វើការសិក្សាអំពីសមិទ្ធិលទ្ធភាព មុននឹងឈានដល់ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា-តួកគី នាពេលឆាប់ៗខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ រួមមាន អ្នកនាំចេញ-នាំចូល ពាណិជ្ជករ អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)