Register Already an agent ? Login

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា នឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងបញ្ចប់ការសិក្សានៅបំណាច់ខែឧសភា ឆ្នាំ២០២៣។ បើតាមប្រសាសន៍បញ្ជាក់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី (Sustainable Infrastructure Programme in Asia) កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។

បើតាមគំរូប្លង់នៃការសិក្សា គម្រោងផ្លូវល្បឿនលឿនទី៣ នេះនឹងត្រូវចាប់ពីរាជធានីភ្នំពេញ​ ឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ រហូតទៅខេត្ដសៀមរាប។ រដ្ឋបាលរាជធានី-ខេត្ដដែលគម្រោងផ្លូវល្បឿនលឿននេះឆ្លងកាត់ទាំងអស់សហការជាមួយក្រុមហ៊ុន CRBC សម្រាប់ការសិក្សាផងដែរ។ បើតាមលិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំង៥ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នៅមិនទាន់បានបញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង វែងជាងគម្រោងផ្លូវទី១ និងផ្លូវទី២ ហើយចំពោះថវិកាកក៏នឹងអាចចំណាយច្រើនជាងផងដែរ។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង។

ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធីនាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលក្នុងនោះមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន១៥០ ត្រូវបានដាក់បញ្ចូល ដោយត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារ។

លោក ក៏បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ ទី២ និងទី៣។ គម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ហើយរំពឹងថានឹងមានសមត្ថភាពអាចទទួលការផ្ទេរផ្ទុកទំនិញអឺរ៉ុបបានដល់ ៩០%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)