
ភ្នំពេញ៖ ផ្អែកលើកត្តាប្រជាសាស្ត្រប្រទេសកម្ពុជាមានស្ត្រីចំនួន ៥១,៥% នៃចំនួនប្រជាជនសរុប ហើយលទ្ធផលបឋមនៃជំរឿនអង្គភាពសេដ្ឋកិច្ចបង្ហាញថា ស្ត្រីចំនួន ៦១,៧% ស្មើនឹង ១,៨៤១,៣៧៣នាក់ បានចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច ជាពិសេស ស្ត្រីប្រមាណជា ៦១% ជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ បើតាមសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣។
ប្រការនេះបង្ហាញថាការចូលរួមរបស់ស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់ខ្លាំងក្លា ស្របនឹងពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជាដែលចាត់ទុក ស្ត្រីជាដៃគូអភិវឌ្ឍជាតិមិនអាចខ្វះបាន និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ។ បើតាមការបញ្ជាក់នៅក្នុងសាលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលចុះថ្ងៃទី១៩ ខែមសា ឆ្នាំ២០២៣។
នៅក្នុងសាលិខិតសម្ដេចតេជោ បានបន្តថា រីករាយយ៉ាងក្រៃលែងដែលបានចូលរួមអបអរសាទរជាមួយនឹងបងប្អូនជនរួមជាតិកម្ពុជា និងសហគមន៍អន្តរជាតិ ជាពិសេសស្ត្រីគ្រប់រូបនាឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ក្រោមមូលបទ ”ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ដែលរៀបចំឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តប្រទេសជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។
ទន្ទឹមនឹងការចូលរួមរៀបចំដូចបណ្តាប្រទេសនៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់យកថ្ងៃទី២៦ ខែមេសា ជារៀងរាល់ឆ្នាំ និងការប្រើប្រាស់កម្មសិទ្ធិបញ្ញជាទិវាកម្មសិទ្ធិបញ្ញាក្នុងគោលបំណងជំរុញសកម្មភាពលើកកម្ពស់កិច្ចការពារព្រមទាំងបង្កើនការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាក្នុងចំណោមសាធារណជនឱ្យបានទូលំទូលាយផងដែរ។ បើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ដែលជាសម័យកាលដ៏ខ្មៅងងឹតដោយលុបបំបាត់ទាំងស្រុងនូវសិទ្ធិសេរីភាព ប្រពៃណី ជំនឿសាសនា ការអប់រំ ទីផ្សារនិងបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងធ្វើឱ្យបាត់បង់ធនធានមនុស្សរាប់លាននាក់ ទោះបីសង្គ្រាមបានបញ្ចប់ទៅហើយ ប៉ុន្តែនៅមានផលប៉ះពាល់រយៈពេលវែងដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រជាជនកម្ពុជាជាពិសេសបានធ្វើឱ្យស្ត្រីក្លាយជាជនងាយរងគ្រោះដោយសាររ៉ាប់រងបន្ទុកគ្រួសារ និងផ្នត់គំនិតអវិជ្ជមានដែលរឹតត្បិតសិទ្ធិស្ត្រី។ បើតាមការរម្លឹករបស់ប្រមុខរាជរដ្ឋាភិបាល។
ប្រមុខរាជរដ្ឋាភិបាល បន្តថា ការបាត់បង់ឱកាសក្នុងការទទួលបានការអប់រំ ការយ៉ាងណាមិញ អស់រយៈពេលជាងពីរទសវត្សរ៍ គិតចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ ដែលប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងសុខសុវត្ថិភាពគ្រប់ទីកន្លែង បានបង្កើតកាលានុវត្តភាពសម្រាប់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឱ្យសម្រេចនូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ភាគរយ។
ក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិន្នាការសង្គមមួយ ដែលទទួលស្គាល់សក្តានុពល និងអានុភាពស្ត្រីនៅគ្រប់វិស័យ។ យើងពិតជាបានឃើញកំណើនស្តីទទួលបានការអប់រំដែលមានរួមបញ្ចូលមុខវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដទៃទៀត។ ស្ត្រីជាបញ្ញវន្តបានទទួលការអប់រំគ្រប់កម្រិតរហូតដល់ថ្នាក់បណ្ឌិតហើយស្ត្រីមួយចំនួនក៏បានអភិវឌ្ឍខ្លួនទៅជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងក្លាយទៅជាសហគ្រិនស្ត្រីផងដែរ។ បើតាមការលើកឡើងបន្តរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល បានលើកឡើកបន្តទៀតថា ជាក់ស្ដែងសមាគមសហគ្រិនស្ត្រីកម្ពុជា និងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ជាតំណាងឱ្យស្ត្រីក្នុងវិស័យពាណិជ្ជកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ចំណែកឯនៅតាមបណ្តសហគមន៍នានា ស្ត្រីកំពុងបង្កើនផលិតភាពសេដ្ឋកិច្ចតាមរយៈការបង្កើតផលិតផលសិប្បកម្ម និងផលិតផលកែច្នៃពីកសិកម្ម សំដៅបង្កើនចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។
ពិតណាស់ ស្ត្រី និងបុរសមានសមត្ថភាព និងបញ្ញាដូចគ្នាក្នុងការគ្រប់គ្រង និងអភិវឌ្ឍធុរកិច្ច ប៉ុន្តែការពង្រឹងភាពប្រកួតប្រជែងរបស់ធុរកិច្ចចាំបាច់ត្រូវកើតចេញពីការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកម្មសិទ្ធិបញ្ញដូចជាការកសាងកេរ្តិ៍ឈ្មោះម៉ាក ការបង្កើតផលិតផល ការបង្កើតស្នាដៃសិទ្ធិអ្នកនិពន្ធ ការស្រាវជ្រាវ និងការអភិវឌ្ឍពីប្រទេសកម្ពុជាបាននិងកំពុងធ្វើសមាហរណសេដ្ឋកិច្ច។ ចំណេះដឹង ធនធានពន្ធុ និងវិញ្ញត្តិវប្បធម៌ ដើម្បីធ្វើពិពិធកម្មផលិតផលសម្រាប់ការនាំចេញ ក្នុងបរិបទដែលទោះបីមានកំណើនស្ត្រីចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តការទាញយកប្រយោជន៍ពីកម្មសិទ្ធិបញ្ញានៅមានកម្រិត ដែលជាបញ្ហាប្រឈមសម្រាប់ស្រ្តីក្នុងការជំរុញធុរកិច្ច ដើម្បីប្រកួតប្រជែងលើទីផ្សារ។
ការកំណត់យកមូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ “ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” នាពេលនេះពិតជាមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែកជំរុញស្ត្រីក្នុងគ្រប់វិស័យឱ្យយល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ព្រមទាំងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រឹងភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការផ្តល់អាជ្ញាបណ្ណចំពោះ ម៉ាក សិទ្ធិនិពន្ធ និងការផ្ទេរបច្ចេកវិទ្យា ដែលជាការលើកទឹកចិត្តស្ដីឱ្យប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួននៅក្នុងការបង្កើតថ្មីដើម្បីបំពេញតម្រូវការរបស់សង្គម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)