Register Already an agent ? Login

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ មើលឃើញនូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាកាតាលិករទាក់ទាញភ្ញៀវទេសចរ

ឡាវ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរនិងតំបន់ ជាមួយគ្នានោះជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក។ បើតាមកិច្ចប្រជុំទ្វេភាគីនៃរដ្ឋមន្រ្តីទាំងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

មុនជំនួបទ្វេភាគីជាមួយ លោកស្រី សួនសាវ៉ាន់ វិញ៉ាកេត, លោក ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបសម្តែងការគួរសមជាមួយ លោក គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។

ឧបនាយករដ្ឋមន្រ្តីឡាវបា បង្ហាញពីអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់ លោក ថោង ខុន និងបានរម្លឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក គិកែវ ខាយ ខាំភិធូន ឯកភាពជាមួយ លោក ថោង ខុន ក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឱ្យអាកាសចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។

បន្ទាប់ពីបានជំនួបសម្តែងការគួរសមជាមួយ លោក គិកែវ ខាយ ខាំភិធូន រួចមក លោក  ថោង ខុន បានដឹកនាំមន្រ្តីជំនាញជួបប្រជុំទ្វេភាគីជាមួយ លោកស្រី សួនសាវ៉ាន់ វិញ៉ា ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្ដមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ផងដែរ។

នៅក្នុងជំនួបនោះ រដ្ឋមន្រ្តីទាំងពីរ បានយល់ស្របគ្នាក្នុងការជំរុញឱ្យឧត្ដមមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជាប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ។

បើតាមរដ្ឋមន្រ្តីទាំងពីរ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

ទាក់ទងនឹងការហោះហើរ ភាគីកម្ពុជា ស្វាគមន៍និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍-ភ្នំពេញ-ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិសេសផ្សេងទៀតតាមការស្នើសុំរបស់ភាគីឡាវ។

គួរបញ្ជាក់ផងដែរថា នាអំឡុងពេលនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពិនិត្យលើការរៀបចំកញ្ចប់ទេសចរណ៍រួម តភ្ជាប់ទំនាក់ទំនងធុរកិច្ចទេសចរណ៍។

នាឱកាសក្នុងដំណើរទស្សនកិច្ចនោះ លោក ថោង ខុន បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង។ លោក បានលើកឡើងថា រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ថ្លៃសំបុត្រថោកហើយសុវត្ថិភាព។

រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។ បើតាមការបញ្ជាក់របស់ លោក ថោង ខុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)