Register Already an agent ? Login

ក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិពី ៣-៤លាននាក់ ទេសចរចិនពី ៨០ម៉ឺន-១លាននាក់

សៀមរាប៖ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន-១លាននាក់ ក្នុងនោះប្រមាណជិត ៣០% នៃទេសចរចិននឹងមកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨,៧៦៣នាក់ កើន ២៣៧.១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។ បើតាមកិច្ចប្រជុំផ្សព្វផ្សាយ ការត្រៀមលក្ខណទទួលទេសចរចិន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។

កិច្ចប្រជុំផ្សព្វផ្សាយ ការត្រៀមលក្ខណទទួលទេសចរចិន ក្រោមអធិបតីភាព លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរង តំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ និងលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។

លោក យុន លីនណេ បានមានប្រសាសន៍ថា ឆ្នាំ២០២០ ខេត្តសៀមរាបទទួល បានទេសចរអន្តរជាតិចំនួនប្រមាណ ៤០ម៉ឺននាក់ ថយចុះ ៨១,៨២% ធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែជាមួយនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ពិសេសប្រសិទ្ធភាពនៃគោលនយោបាយចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក បានបន្តថា ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសង្គមបានល្អរហូតឈានដល់មានការទទួលស្គាល់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក (ក្នុងចំណោម ១៦៦ប្រទេស) ដែលបានធ្វើឱ្យកម្ពុជាក៏ដូចជាខេត្តសៀមរាបយើងក្លាយជាគោលដៅសុវត្ថិភាពសម្រាប់ទទួលទេសចរជាតិអន្តរជាតិ។

បើតាម អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា ដើម្បីបន្តត្រៀមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះភ្ញៀវទេសចរចិនឱ្យកាន់តែប្រសើរឡើង សក្ដិសមនឹងកិត្តិនាម “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” កិច្ចសហប្រតិបត្តិការជាដៃគូរវាង (រដ្ឋ-រដ្ឋ) រវាង (រដ្ឋនិងឯកជន) គឺជាកត្តាគន្លឹះជាយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្ត ហើយយើងក៏ត្រូវស្វែងយល់អំពីអត្តចរិតរបស់ភ្ញៀវទេសចរចិនផងដែរ។

លោក បានបន្តទៀតថា ភ្ញៀវទេសចរចិន មានលក្ខណៈទាន់សម័យ តែប្រកាន់ទំនៀមទម្លាប់ (និយមប្រើប្រាស់អនឡាញ (Online) ក្នុងការស្វែងរកគោលដៅទេសចរណ៍ និងអាចផ្តល់នូវបទពិសោធន៍ល្អៗ (Experiences) ដល់ពួកគាត់ក្នុងដំណើរកម្សាន្ត។ ភ្ញៀវទេសចរចិនត្រូវការសេវាកម្មមានគុណភាពខ្ពស់គោលដៅប្រកបដោយសុវត្ថិភាព(Safe)។

លោក សុខ សង្វារ បានថ្លែងថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

លោក បានបន្តថា ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅអាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

បើតាមលោក រដ្ឋលេខារូបនេះ បានបញ្ជាក់ថា ដំណឹងថ្មីបំផុតដែលទទួលបានពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនមក ១៣០$ មកត្រឹម៥០$វិញ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)