Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០%

បន្ទាយមានជ័យ៖ វឌ្ឍនភាពគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០% ដែលក្នុងនោះរួមមាន៖ អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។ បើតាមកិច្ចប្រជុំនាយកគម្រោងស្ទឹងបត់ ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ដែលដឹកនាំកិច្ចប្រជុំពិភាក្សាជា ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោងធ្វើបទបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាបពីព័ត៌មានសំខាន់ៗរួមមានដូចជា៖ ១-ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល, ២-វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង, ៣-ទំហំការងារ, ៤-លំហូរនៃការពិនិត្យយានយន្តឆ្លងដែន, ៥-បែបបទសម្រាប់យានយន្តចូល និង ៦-បែបបទសម្រាប់យានយន្តចេញ។

បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់។

បន្ថែមពីលើនេះ លោក យិត បុណ្ណា បានពន្យល់បន្ថែមអំពីចក្ខុវិស័យនៃគម្រោងដែលក្រសួងរំពឹងថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

គូសបញ្ជាក់ថា ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអញ្ជើញមកពីធនាគារពិភពលោក (World Bank) លើកម្មវិធីគាំទ្រសម្របសម្រួលពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់ SSI (Sensitive Security Information)។

គួរម្លឹកថាគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ (ឬ ៨៣៥ ២៥០ ១៦៨បាត) ក្រោមឥណទានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។

ក្រោយបើកឱ្យដំណើរការ ច្រកព្រំដែនថ្មីនេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026