Register Already an agent ? Login

ក្រុមហ៊ុន Vinci Airports របស់បារាំង នឹងចាប់ផ្ដើមពង្រីកព្រលានយន្តហោះអន្តរជាតិនៅខេត្តព្រះសីហនុ ដើមឆ្នាំ២០២៣

ព្រះសីហនុ៖ ក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ នឹងចាប់ពង្រីកព្រលានយន្តហោះអន្តរជាតិនៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២៣។ បើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports។

នៅក្នុងជំនួបដោយឡែក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង លោក Nicolas Notebearបានពិភាក្សាគ្នាអំពីវឌ្ឍនភាពជាដៃគូវិនិយោគរបស់ក្រុម Vinci Airports ក្នុងការអភិវឌ្ឍនិងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។

នៅក្នុងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា សម្តេចតេជោហ៊ុន សែន បានអបអរសាទរដល់ក្រុមហ៊ុន Vinci Airports ពេលបច្ចុប្បន្នទទួលបានកិច្ចសន្យាសម្បទានគ្រប់​គ្រងព្រលានយន្តហោះជាង ៥០នៅ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយ​សារបានប្រើប្រាស់ គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។

លោក Nicolas Notebeart ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចតេជោ ដែលតែងតែផ្តល់សេចក្ដីទុកចិត្តដល់ ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះ ឈ្នះ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីទសវ​ត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ។

គូសបញ្ជាក់ថា មុនជំនួបដោយជាមួយ លោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅឯទីក្រុងប៉ារីសប្រទេសបារាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីបារាំង បានគូសរំលេចឡើងអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។

ក្នុងសន្និសីទនោះ លោក ម៉ាក្រុង បានថ្លែងរម្លឹកអំពីការលើកស្ទួយ និងការការពារសន្តិភាពនៅកម្ពុជាកាលពីអតីតកាល ថា លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ នៅរាជធានីភ្នំពេញ ដែលអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំពង្រីកសង្គ្រាមនៅឥណ្ឌូចិន។ លោក បានថ្លែង រម្លឹកអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។

ប្រធានាធិបតី ក៏បានគូសរំលេចផងដែរថា ការជួបជាមួយសម្តេចតេជោ ក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ លោក ម៉ាក្រុង ក៏បានអត្ថាធិប្បាយផ្តល់ការកោតសរសើរកម្ពុជា ចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោក បានញ្ជាក់ថា នេះជាគំរូដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេច ក៏បានអរគុណ រដ្ឋាភិបាលបារាំង ដែលទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានគូសបញ្ជាក់ថា «ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្ដាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)