Register Already an agent ? Login

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន តំណាងក្រុងជាង១០០ ចូលរួមដើម្បីជំរុញការកសាងទីក្រុងវៃឆ្លាត

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) នៅថ្ងៃទី២ និងទី៣ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំកាលទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិនិត្យលើការងារ រៀបចំឱ្យបានរួចរាល់មុនកិច្ចប្រជុំខាងលើប្រព្រឹត្តឡើង។

បើតាមកិច្ចប្រជុំពិនិត្យលើការងារនេះ បានឱ្យដឹងថា មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានមានជាង ៣០ទីក្រុងធំៗចូលរួមផងដែរ។

លោក ឃួង ស្រេង អភិបាល បានគូសបញ្ជាក់ថា កិច្ចក្នុងប្រជុំនេះថា យើងរៀបចំក្នុងកំរិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន (AIPA) តែយកទំរង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។ លោក បានបន្តថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ព័ន្ធដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។

ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ បើតាមការថ្លែងបន្តទៀតរបស់ លោក ឃួង ស្រេង បានបន្ថែមថា វេទិកានេះគឺសំរាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្នអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៏ល្អៗ ក៏ដូចជាទស្សនរបស់ពួកគាត់សំរាប់ការកសាងសហគមន៍អាស៊ាន។

បើតាម​ភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក យ៉ង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិ ​ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់ ដែល​ទីក្រុង​របស់​អាស៊ាន​ទាំងអស់ អាច​នឹង​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក​ហើយ​ចែក​រំលែក​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ទីក្រុង​ក៏ដូចជា​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព និង​ភាពធន់។

លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បានលើកឡើងថា ការបង្កើត​ទីក្រុង​វៃឆ្លាត នៅក្នុង​តំបន់​អាស៊ាន​គឺជា​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​អាស៊ាន ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម វិបុលភាព​តំបន់ បញ្ហា​បរិស្ថាន និង​កំណើន​សេដ្ឋកិច្ច និង​ប្រជាជន​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម។

បច្ចុប្បន្ន កម្ពុជា​បាននិងកំពុង​ព្យាយាម​យក​ក្រុង​សៀមរាប ដែលជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និង​ប្រវត្តិសាស្ត្រ ធ្វើជា​ទីក្រុង​វៃឆ្លាត​សាកល្បង​ប្រចាំ​នៅ​អាស៊ាន តាមរយៈ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ហេដ្ឋារចនា​ក្រុង អភិវឌ្ឍ​គម្រោង​ភូមិ​ស្អាត និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​កែច្នៃ​ជាដើម។ ពើតាមការលើកឡើងបន្តរបស់ លោក​ ថុង ម៉េង​ដា​វិត។

លោក បានបន្ថែមថា កម្មវិធី​ទីក្រុងវៃ​ឆ្លាត​កម្ពុជា​ត្រូវបាន​បណ្តា​ប្រទេស​ដទៃ​គាំទ្រ​ជាពិសេស​ប្រទេស​ជប៉ុន​។ អាស៊ាន​ត្រូវតែ​គាំទ្រ និង​បន្ត​យន្តការ​អភិវឌ្ឍន៍​ទីក្រុង​វៃ​ឆ្លាត​នេះ​នៅតាម​បណ្តា​ទីក្រុង​ចាស់ថ្មី​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដោយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)