Register Already an agent ? Login

លោក សាយ សំអាល់ អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ភ្នំពេញ៖ លោក សាយ ​សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

ការថ្លែងខាងលើរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងឱកាសដែល លោក បានថ្លែងសុន្ទរកថាក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កាលពីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ ​លោក សាយ សំអាល់ បានជំរុញ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ ផ្តល់​ថវិកាដូច​ការសន្យា​ឱ្យបាន​ឆាប់រហ័ស​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។ ពិសេសការប្ដេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារ ដូចដែលបានសន្យាឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ បើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា។

ជាការឆ្លើយតប កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ ផែនការនានា។ បើតាមការលើកឡើងរបស់ លោក សាយ សំអាល់។

លោក បានបន្ថែមថា ជាអាទិ៍យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។

រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមទៀតថា ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព។

លោក បានថ្លែងគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ពីរទសវត្សរ៍ចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប និង​កំពុង​វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងជានាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។

គួររម្លឹកថា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​ ៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ២០២២ កន្លងទៅ​នៅ​ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន ដែលជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ បាន​លើក​ឡើងថា អាស៊ាន គួរតែ​ពិចារណា​ទៅលើ​គំនិត​ផ្តួចផ្តើម ក្នុងការ​បង្កើត​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​ (ASEAN Green Deal)​។ ព្រោះថា ការ​ធ្វើឡើង​បែបនេះ ដោយយោង​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន ពិភពលោក និង​អាស៊ាន កំពុង​ប្រឈម​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០។

សម្ដេចតេជោ នាយក​រដ្ឋមន្ត្រី ​សម្តែង​ការ​ជឿជាក់ថា កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​នេះ នឹង​អនុញ្ញាតឱ្យ​តំបន់​របស់​អាស៊ាន អាច​ប្រែក្លាយ​ខ្លួន​បន្តិច​ម្តងៗឆ្ពោះទៅកាន់​អនាគត​បៃតង ដែលមាន​ចីរភាព ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព ភាព​ធន់​រឹងមាំ និង​ការ​ប្រកួត​ប្រជែង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​។

ដោយឡែក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ខែសីហា ឆ្នាំ២០២២កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ស្នើ​ឱ្យ​មានការ​បង្កើត​ឡើងនូវ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​ (ASEAN Green Deal) ដែល​អាច​អនុញ្ញាតឱ្យ​តំបន់​របស់​អាស៊ាន ធ្វើ​អន្តរកាល​ជា​បណ្តើរៗ ទៅជា​សហគមន៍ ដែល​មាន​ចីរភាព ប្រសិទ្ធភាព​ប្រើប្រាស់​ធនធាន និង​ភាព​ធន់​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)