Register Already an agent ? Login

ការនាំចូល-នាំចេញទំនិញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទឹកប្រាក់ជិត ២ពាន់លានដុល្លារ ១០ខែឆ្នាំ២០២២

ព្រះសីហនុ៖ ចាប់ពី​ខែ​មករា​-​ខែតុលា ឆ្នាំ​២០២២ ការនាំចូល​-​នាំចេញ​ទំនិញ​របស់​រោងចក្រ​/​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​មាន​តម្លៃ​សរុប ២,០៦៩​លាន​ដុល្លារ កើនឡើង ១៧,០៩% ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ១,៧៦៧​លាន​ដុល្លារ​។ បើតាមទិន្នន័យរបស់រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ)។

ទោះបី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​សកម្មភាព​នាំចូល​-​នាំចេញ​នៅ SSEZ មិន​មមាញឹក​ដូច​អំឡុង​ឆមាស​ទី​១ ប៉ុន្តែ​ សរុប​ជារួម​វា​នៅតែ​មាន​សញ្ញា​វិជ្ជមាន​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈអ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានបន្តថា ​ទឹកប្រាក់​នាំចូល​-​នាំចេញ​ជា​មធ្យម​ប្រចាំខែ​របស់ SSEZ បាន​ធ្លាក់​ពី​ ២២៩លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១ ​មក​នៅត្រឹម ១៧៤​លាន​ដុល្លារ ​ក្នុងអំឡុង​ខែកក្កដា ​ដល់​ខែតុលា​។

ភាព​រអាក់រអួល​នៃ​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​នាពេលនេះ គឺ​ដោយសារ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ព្រោះតែ​ភាពមិន​ច្បាស់លាស់​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។ បើតាមការបញ្ជាក់របស់ លោក ហុង វណ្ណៈ។

លោក​ បានលើកឡើងបន្តទៀតថា ដោយសារ​ផលិតផល​កម្ពុជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាន់តែច្រើន​ពី​អ្នកប្រើប្រាស់​លើ​ពិភពលោក ព្រមទាំង​ការចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) ព្រមទាំង​កិច្ច​-​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​ ដែល​នឹង​ចូល​ជាធរ​មាននៅ​ខែធ្នូ​ខាងមុខ​នឹង​ជួយ​ឱ្យ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​សម្ទុះ​កាន់តែ​ខ្លាំង​នៅពេល​អនាគត​។

ក្រុមហ៊ុន​/​សហគ្រាស​កំពុង​វិនិយោគ​នៅក្នុង SSEZ មាន​ភាគច្រើន​មកពី​ប្រទេស​ចិន ថៃ និង​កូរ៉េ និង​មាន​រោងចក្រ​ផលិតផល​មួយចំនួន​ដូចជា គ្រឿង​បរិក្ខារ​អគ្គិសនី សម្លៀកបំពាក់ គ្រឿងសង្ហារិម និង​បរិក្ខារ​ធ្វើដំណើរ ជាដើម​។ បើតាមការថ្លែងរបស់ លោក ឡុង ឌីម៉ង់ ​អភិបាលរង​ខេត្ត​ព្រះសីហនុ។

កត្តា​ភូមិសាស្ត្រ​នៅជាប់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ព្រមទាំង​លក្ខណៈ​អំណោយផល​នៃ​ច្បាប់​វិនិយោគ និង​កត្តា​កម្លាំង​ពលកម្ម​សម្បូរបែប​នៅ​កម្ពុជា​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែ​ច្រើន​ចូលមក​បណ្ដាក់ទុន​ក្នុង​ខេត្ត​ព្រះសីហនុ​។ បើតាមការថ្លែងបន្តរបស់ លោក ឡុង ឌីម៉ង់ បានបន្ថែមថា សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ នឹងមាន​ភាព​មមាញឹក​ខ្លាំង​ឡើងវិញ​ នៅពេល​ការ​រឹតបន្តឹង​នៅ​ប្រទេស​ចិន​ស្តីពី​កូវីដ-១៩ មាន​ភាព​ធូរស្រាល និង​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាពច្បាស់លាស់​ឡើងវិញ​។

ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០២២ ការនាំចូល​-​នាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤៤,៥៦៥.២៩​លាន​ដុល្លារ ​កើន ១៤,៩% ​បើ​ធៀបនឹង​ឆ្នាំ​២០២១ ក្នុងនោះ​ការនាំ​ចូល​ចំនួន ២៥,៨១៧.៧២​លាន​ដុល្លារ កើន ​១២% និង​ការនាំចេញ​ ១៨,៧៤៧.៥៦​លាន​ដុល្លារ កើន ១៩,២%​៕ បើតាមរបាយការរបស់ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)