Register Already an agent ? Login

លោក ថោង ខុន៖ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរជាង ២លាននាក់ ក្នុងឆ្នាំ២០២២ កើនជាង ៣២៦%

ភ្នំពេញ៖ លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមការព្យាករសម្រាប់រយៈពេលពេញ១ឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន ២,២៧៨,៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ១,២៤២,៨៥៤នាក់ រួចទៅហើយ។

លោក ថោង ខុន បានថ្លែងបន្តថា ចំនួនភ្ញៀវទេសចរជាង ២លាននាក់ ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤,០០៥នាក់។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក រដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន ២,០៣៩,០០០នាក់ កើនឡើង ២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន ២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។

ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។ បើតាមការថ្លែងបន្ថែមរបស់ លោក ថោង ខុន បានបន្ថែមទៀតថា នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន ៥៤៨កន្លែង ស្មើនឹង ៤៦% នៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តមានចំនួន ១១៨៧កន្លែង។

គួរបញ្ជាក់ថា លោក ថោង ខុន បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយលោកបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)