
ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២២ កម្ពុជា នាំចេញទៅអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥,៦៩៥លានដុល្លារ កើន ៤៧.៣% បើធៀបទៅនឹងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ៣,៨៦៧លានដុល្លារ។ តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការនាំចូលពី អាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ ១៩៦លានដុល្លារ កើន ៣.២% បើធៀបទៅនឹងឆ្នាំ២០២១ មានទឹកប្រាក់ ១៩០លានដុល្លារ។
មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើ បន្ថែមថា រីឯមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។
បើតាមរបាយការណ៍ដដែល បានបន្ថែមទៀតថា ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីអាមេរិក មាន ៖ប្រទេសវៀតណាម មានចំនួន ១,៣២៦លានដុល្លារ, ប្រទេសចិន មានចំនួន ៧០១លានដុល្លារ ប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។
គួររម្លឹកថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ប្រមាណ ៧,៨២៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ ៧,៤៩០លានដុល្លារ ហើយអាមេរិកនាំចូលមកកម្ពុជាវិញ ចំនួន ៣៣៦លានដុល្លារ។
ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានការកើនឡើងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងជោគជ័យលើបញ្ហាកូវីដ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មរោងចក្រ អត់មានការរាំងស្ទះ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា ក្រុមហ៊ុនពីអាមេរិក និងបណ្ដាប្រទេសផ្សេងៗ នឹងមកវិនិយោគនៅកម្ពុជា។ លោក បានបន្ថែមថា ទន្ទឹមពេលដែលកម្ពុជា កំពុងអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន ដែលមានភាពរួចពន្ធទៅកាន់ប្រទេសចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)