Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី កើនឡើងដល់ ២.១ប៊ីលានដុល្លារ ៦ខែដំបូងនៃឆ្នាំ២០២២ បើទោះជួបវិបត្តិជំងឺសកលក្ដី

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០ ដល់ ៥.៣ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈ ៦ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់ ២.១ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ការថ្លែងខាងលើរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ប្រារព្ធឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងបន្តថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។

រដ្ឋមន្រ្តីជាន់ខ្ពស់កម្ពុជា បានថ្លែងបន្ថែមថា មួយគ្នានេះ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់ លោក Gan Kim Yong រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លើគន្លឹះអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរី និងសមាជិកអាស៊ានដ៏ទៃទៀត ដើម្បីធានាឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្ដម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។

គួររម្លឹកផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)