Register Already an agent ? Login

កម្ពុជា- អាមេរិក បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ទោះបីប្រឈមនឹងឧបសគ្គមួយចំនួនក្ដី

ភ្នំពេញ៖ ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា- អាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។ បើតាមការលើកឡើងរបស់ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោក។ បើតាមការបញ្ជាក់របស់ លោក បួន សារៈមុនី។

តាមការបញ្ជាក់ របស់ លោក បួន សារៈមុនី នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មអាមេរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោក រដ្ឋលេខាធិការរូបនេះ ក៏បានលើកឡើងអំពីវឌ្ឍនភាពជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមាន៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានសម្របសម្រួលអន្តរក្រសួងដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាមេរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តអាមេរិក។

នាឱកាសនោះ លោកស្រី ក៏បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគដល់ USTR សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។

ជាមួយគ្នានេះ លោកស្រី ក៏បានប្រាប់ទៅក្រសួងពាណិជ្ជកម្មកម្ពុជាថា ថ្មីៗនេះរដ្ឋាភិបាលអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

គួររលឹកផងដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃ កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាមេរិក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)