Register Already an agent ? Login

រយៈពេល ៧ខែអ្នកដំណើរតាមផ្លូវអាកាសមកកម្ពុជាជិត ១លាននាក់ កើនជិត ៥០០% ហោះហើរជាង ១ម៉ឺនជើង

ភ្នំពេញ៖ ៧ខែ ពីខែមករា ដល់ខែ កក្កដាឆ្នាំ២០២២ ចំនួនអ្នកដំណើរតាមផ្លូវអាកាស មានចំនួន ៩០៨,០៥៩នាក់ កើនឡើងជិត ៥០០% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ តែនៅធ្លាក់ចុះ ៧៤%។ បើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍បន្តថា ៧ខែដដែលនេះ ចំពោះចរាចរណ៍យន្តហោះ (ការចុះចត និងការហោះឡើង) មានចំនួនសរុប ១២,៥៥០ជើង មានការកើនឡើងជាង ១១០% បើធៀបនឹងរយៈពេលដូចនៅឆ្នាំ២០២១ ប៉ុន្តែនៅធ្លាក់ចុះ ៧០% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩។

កំណាត់ផ្លូវហោះហើរដែលនាំមុខជាងគេនោះគឺ កំណាត់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សិង្ហបុរី-ភ្នំពេញ។ បើតាមប្រសាសន៍បន្តរបស់ ស៊ីន ចាន់សិរីវុត្ថា បានបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ជាង ៥០% ធៀបទៅនឹងឆ្នាំ២០១៩ ដែលបានហោះហើរតភ្ជាប់ឡើងវិញ៖ នៅឆ្នាំ២០១៩ មានចំនួន ៥១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិនចំនួន១៦។ នៅឆ្នាំ២០២២ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ មានចំនួន ២៦ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិន ចំនួន៦ក្រុមហ៊ុន។

ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាស ក្នុងប្រទេសកម្ពុជានឹងអាចកើតមានឡើងស្មើនឹងចំនួនចរាចរណ៍ឆ្នាំ២០១៩ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញរបស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។ បើតាមការបញ្ជាក់ លោក ស៊ីន ចាន់សិរីវុត្ថា។

បើតាមមន្រ្តីជាន់ខ្ពស់ដដែល បានបន្ថែមឱ្យដឹងថា ៧ខែកន្លងមកនេះ គិតមកដល់បំណាច់ ខែកក្កដា ឆ្នាំ២០២២ ចំពោះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣៤,៥៤៧តោន តែមានការថយចុះ ៤.៤៣% ធៀបនឹងរយៈពេល ៧ខែដូចគ្នានៅឆ្នាំ២០២១។

បើតាម​ លោក រដ្ឋលេខាធិរូបនេះ បានបន្ថែមទៀតថា ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះ ជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រឡប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗ។

បើតាមរបាការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរចូលកម្ពុជា តាមផ្លូវអាកាសមានចំនួន ៤៤០,៦៣៧នាក់ កើនឡើង ៤២០.៣% ធៀបទៅនឹងឆ្នាំ២០២១ និងថយចុះ -៨៩.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ប្រភពទីផ្សារ មានមកពីប្រទេសចិន អាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េ ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។ ចំណែកផ្លូវគោកមានចំនួន ២៦១,៥១៥នាក់ កើនឡើង ៣៥៤.៤% ធៀបនឹងឆ្នាំ២០២១ ថយចុះ -៧០.៨% ធៀបនឹងឆ្នាំ២០១៩ និង ផ្លូវទឹកមានចំនួន ៤,៦១០នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)