Register Already an agent ? Login

ឆមាសទី១ ខណ្ឌជ្រោយចង្វារ សែនសុខ ចំការមន ក្លាយជាតំបន់ពេញនិយមបំផុតនៃអចលនទ្រព្យ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានខណ្ឌជ្រោយចង្វារ បានក្លាយជាតំបន់ពេញនិយមបំផុត សម្រាប់អ្នកទិញអចលនទ្រព្យ ដែលមានអត្រាស្វែងរក ២១% ខណ្ឌសែនសុខ ទទួលការពេញនិយមកម្រិត ១៥,២% និងខណ្ឌចំការមន ក្នុងអត្រា ១៣,៦%។ បើតាមការធ្វើស្ទង់មតិរបស់ លោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh។

តាមការស្ទង់មតិដដែលរបស់ លោក Tom O’Sullivan បានបន្តថា ផ្ទុយទៅវិញ ខណ្ឌទួលគោក មានភាពពេញនិយម ក្នុងអត្រាស្វែងរកអច​ល​នទ្រព្យ ១៤,៥% ក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះយ៉ាងខ្លាំងមក ៨,៣ភាគរយ ហើយខណ្ឌដូនពេញ ក៏បានធ្លាក់ចុះពីកម្រិត ១០,៣% ដល់៥,៣% ក្នុងរយៈពេលដូចគ្នានេះ។

ទិន្នន័យទាំងនេះបានបង្ហាញថា ៥១% នៃអ្នកទិញអចលនទ្រព្យ គឺជាជនជាតិខ្មែរ ខណៈជនជាតិចិនមាន ២៦% និងជនជាតិអាមេរិកមាន ២៣%។ បើតាមការលើកឡើងបន្តទៀតរបស់ លោក Tom O’Sullivan បានបន្ថែមថា ធៀបនឹងកម្រិតមុនកូវីដ-១៩ ការទិញរបស់ចិនបានធ្លាក់ចុះ ៤០%។

តាមការសិក្សាបានបង្ហាញថា មានខណ្ឌទាំង៣ ទទួលបានកំណើនការស្វែងរកដីធ្លី និងអចលនទ្រព្យ ស្របពេលខណ្ឌចំនួនពីរ ផ្សេងទៀតមានការធ្លាក់ចុះភាពពេញនិយម។ ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដីនៅតែជាការវិនិយោគ ដែលពេញនិយមបំផុត ដែលមានអ្នកឆ្លើយតបចំនួន៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្ម ទទួលបានការពេញនិយមបន្ទាប់ ដោយមានអ្នកចង់វិនិយោគ២៣,៩៦% ២០,៨៣% និង ៦,២៥% រៀងៗគ្នា។

ទន្ទឹមនឹងនោះ អ្នកឆ្លើយសំណួរចំនួន ៨២% បានជ្រើសរើសទីក្រុងភ្នំពេញ ជាទីតាំងដែលពេញនិយមបំផុតសម្រាប់ការវិនិយោគ។ ការស្ទាបស្ទង់មតិរបស់ AmCham Cambodia បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧នាក់ នៅក្នុងផ្នែកផ្សេងៗគ្នា រួមមាន៖ អ្នកធ្វើការតាម​ស្ថាប័នរដ្ឋាភិបាល ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន រួមទាំងអ្នកគ្រប់គ្រងអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ ស្ថាបត្យករ ភ្នាក់ងារអចលនទ្រព្យ ឬឈ្មួញកណ្តាល អ្នកផ្តល់សេវាវាយតម្លៃជាដើម៕

ប្រភព៖ propertyarea.asia

ដោយ៖ មឿន ឌីណា (Meoun Dyna)