Register Already an agent ? Login

កម្ពុជា ស្វាគមន៍វិនិយោគិនថៃ ដែលមានសក្តានុពលកាន់តែច្រើនមកកាន់កម្ពុជា ខណៈទំហំពាណិជ្ជទ្វេភាគីសម្រេចបានជាង ២ពាន់លានដុល្លារ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពលកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ខណៈពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។

លោក ប៉ាន សូរស័ក្តិ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។

លោក បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាអធិបតីក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងធុរកិច្ច ជំរុញពាណិជ្ជកម្ម និងបង្កើនទំហំវិនិយោគរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ លោក រដ្ឋមន្រ្តី បានលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។

នៅក្នុងជំនួបនោះ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ បានលើកឡើងឱ្យដឹងថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

លោក បានគូសបញ្ជាក់ថា ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាមតំណាងឱ្យវិស័យឯកជន មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម កិច្ចប្រជុំជាមួយគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចកម្មថៃ។ លោក បានលើកឡើងបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ លោក លឹម ហេង បានលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម និងស្វែងរកដៃគូវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទទួលបានលទ្ធផលជាផ្លែផ្កា នាពេលអនាគត។

ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២២ ការ​នាំ​ចេញ​-នាំ​ចូល​ទំនិញរវាងប្រទេសកម្ពុជា-ថៃ មាន​ទឹក​ប្រាក់​សរុប ២,២៩៧.១​លាន​ដុល្លារកើន​ឡើង ២២,៨% ​​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ មាន​ទឹក​ប្រាក់ ៤៩៥.៧៨លាន​ដុល្លារ កើន​ឡើង ៣៦,៧% និង​ការ​នាំ​ទំនិញ​ពីប្រទេសថៃ ​មក​កម្ពុជា​ មាន​ទឹក​ប្រាក់ ១,៨០១.៣១​លាន​ដុល្លារកើន​ឡើង ១៩,៥%​។ នេះបើតាមទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)