Register Already an agent ? Login

រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យ ២៣ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើ ១៩កោះ ចំណោម ៣២កោះ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ រាជរដ្ឋាភិបាល បានអនុញ្ញាតជាតិគោលការណ៍ឱ្យក្រុមហ៊ុនចម្រុះខ្មែរនិងបរទេសចំនួន ២៣ក្រុមហ៊ុន ​អភិវឌ្ឍន៍លើកោះចំនួន ១៩កោះ ក្នុងចំណោម ៣២កោះ នៅខេត្តព្រះសីហនុ សម្រាប់ការ​អភិវឌ្ឍ​ជាតំបន់​ទេស​ចរណ៍ សណ្ឋាគារ​ និងរមណីយ​ដ្ឋាន​ផ្សេង​ទៀត សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាតិ​ និង​អន្ត​រ​ជាតិ។ បើតាមការថ្លែងឱ្យដឹងពី លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ ដែលក្រុមហ៊ុនទទួលបានការអភិវឌ្ឍរួមមាន៖

-ក្រុងព្រះសីហនុ មានកោះចំនួន៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤

-ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩

-ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦

-ស្រុកស្ទឹងហាវ មានកោះចំនួន១។  

លោក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស បានប្រាប់ទៅ ក្រុមការងារត្រូវការទិន្នន័យថ្មីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ លោក បន្តថា ព្រោះគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានវិសាលភាពក្នុងការគ្រប់គ្រងគ្របដណ្ដប់ក្នុងការឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំ ពារបរិស្ថានផងដែរ។

លោក សួន សំណាង បានបន្តទៀតថា ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំឡើងវិញស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រ ទាមទាឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា។

ពាក់​ព័ន្ធ​ទៅនឹង​ការ​អនុញ្ញាត​ ឱ្យមាន​ការ​វិនិយោគ​កោះ​ចំនួន​១៩​ ទៅ​ឱ្យក្រុម​ហ៊ុន​ទាំង២៣​ ​អភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរ​ណ៍ និងរមណី​យដ្ឋាន មាន​ក្រុម​ហ៊ុន​ចម្រុះ មាន​ទាំង​ក្រុមហ៊ុន​រុស្ស៊ី ​ក្រុមហ៊ុ​នចិ​ន ក្រុម​ហ៊ុនបារាំង និង​ក្រុម​ហ៊ុន​ខ្មែរ​ជាដើម​។ បើតាមការថ្លែងរបស់ លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា ក្រុម​ហ៊ុនទាំង​២៣ មាន​ក្រុម​ហ៊ុនដែល​ទទួល​បានការវិនិយោគទៅលើកោះទាំង​មូល ក្រុម​ហ៊ុន​ខ្លះ វិនិយោគ​ ១​ផ្នែក​នៃ​កោះ ក្រុម​ហ៊ុន​ខ្លះទៀត​ វិនិ​យោគ​លើទំហំដី​ ១០ហិកតា ដែល​ចេញ​គោលការណ៍​អនុញ្ញាត​ពីក្រសួង​បរិស្ថាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)