Register Already an agent ? Login

គិតត្រឹមឆមាសទី២ ឆ្នាំ២០២២ កម្ពុជាបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីចិន ៧ប៊ីលានដុល្លារ

ភ្នំពេញ៖ កម្ពុជា បាន​ទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន ៧លានប៊ីដុល្លារ នៅឆមាសទី២ ឆ្នាំ២០២២។ បើតាមការថ្លែងឱ្យដឹងពី លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ។

នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការ​មេ ស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា» កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក រស់ សីលវ៉ា បានលើកឡើងបន្តថា ការគាំទ្ររបស់រដ្ឋាភិបាលចិន ​ដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម​។ លោក បានបញ្ជាក់ថា ពិសេស រួមចំណែកទាក់ទាញវិនិយោគ ជំរុញការ​នាំ​ចេញ ​បង្កើតការងារលើកកម្ពស់ការអប់រំ និងជំនាញ​លើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតប​ការប្រែប្រួល​អាការធាតុ និងបរិស្ថានជាដើម។

លោក រស់ សីលវ៉ា បានលើកឡើងបន្តថា ចំណែកឥណទានសម្បទានរបស់រដ្ឋាភិបាលចិន ត្រូវបានកម្ពុជាយកទៅប្រើប្រាស់ និងគាំទ្រគម្រោង​នៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្រាប់វិស័យ​ដឹកជញ្ជូន​បានស្រូបយកហិរញ្ញប្បទានធំជាងគេ ​ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ​ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម។

ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣០០០គីឡូម៉ែត្រ និង​ស្ពានឆ្លងទន្លេចំនួន៨ ​ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿន​ប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង ​គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។ បើតាមការលើកឡើងបន្ថែមរបស់ លោក រស់ សីលវ៉ា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)