Register Already an agent ? Login

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើងដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២២

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើចំពោះមុខ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន សូមឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងចិន កើនឡើងទៅដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២២។

នៅក្នុងជំនួបទ្វេភាគីពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ មូលហេតុដែលស្នើឡើងនេះ ដោយសារយើងមាន ទី១.យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានហើយ, ទី២.យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ ហើយទី៣.យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសីប ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ថ្វីដ្បិតនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២នេះ ទើបតែមកដល់រយៈពេល ៧ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរបស់យើង ឡើងដល់ជាង ៩ពាន់លានដុល្លារទៅហើយ។

ជាមួយគ្នាផងនេះផងដែរ​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើតាមរយៈ លោក វ៉ាង យី ឱ្យបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា៖ អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេច ក៏បានស្នើឱ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ ហើយស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។ ថាមពលនេះ គឺមានសារៈសំខាន់ផងដែរ។

ឆ្លើយតបទៅនឹងសំណើរបស់ សម្តេចតេជោ លោក វ៉ាង យី បានអរគុណ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយលោកបានថ្លែងអំណរគុណ សម្ដេច ដោយបានលើកចំណុចទាំងឡាយនោះ ជាពិសេសទៀត គឺជាការបង្ហាញនូវកិច្ចសន្ទនាមួយដែលមានសារៈសំខាន់។

ពាក់ព័ន្ធនឹងការខិតខំព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត លោក វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ លោក ក៏បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេសទៀត គឺចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ លោក បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិនមានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។​

ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយ លោក បានគូសបញ្ជាក់ទៀតថា ប្រទេសចិនជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ បានត្រឡប់មកធម្មតាវិញហើយ ចិននឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។

លោក បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យើងមានទំនាក់ទំនងជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ហើយជាពិសេសទៀត ទោះបីនៅក្នុងស្ថានភាពដែលមានលក្ខណៈមិនប្រាកដប្រជា ហើយការវិវត្តសភាពការណ៍ក្នុងតំបន់ និងពិភពលោក មានលក្ខណៈមិនច្បាស់លាស់នេះ ហើយជាពិសេសដោយសារកម្ពុជា និងចិន មានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាចុងបញ្ចប់ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដែលមាននៅពេលនេះរវាងកម្ពុជានិងចិន សម្ដេច បានបញ្ជាក់ថា សម្រាប់កម្ពុជាយើង បាននឹងបន្តរៀបចំ ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមានការប្រែប្រួល ដោយយើងមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារទៅមុខទៀតនេះ។ សម្ដេច ក៏បានគូសបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើងដែលនឹងបន្តនូវគ្រប់វិស័យទាំងអស់ដែលមានស្រាប់រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀតដែលយើងមាននាពេលបច្ចុប្បន្ន។

គូសបញ្ជាក់ថា ជារួមកិច្ចពិភាក្សារវាងសម្ដេចតេជោ និងលោក វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)