Register Already an agent ? Login

វឌ្ឍនភាព គម្រោងធ្វើផ្លូវវាងក្រុងព្រះសីហនុលេខ១៤៦B និងលេខ១៤៨ នៅសល់ជិត ១%នឹងបញ្ចប់ការសាងសង់

ព្រះសីហនុ៖ វឌ្ឍនភាពគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចការងារបាន ៩៩,៨១% គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ជូន ស៊ុន ចាន់ថុល នាពេលដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យព្រឹកនេះ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរយ៉ាងណា។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្ដល់សម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមការងារបច្ចេកទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD, ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា។

ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ផ្លូវនេះសាងសង់បានល្អមានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល បានបន្តទៀតថា ចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២មែត្រ ក្នុង១គីឡូម៉ែត្រ ដែលស្ថិតក្នុងកម្រិតល្អណាស់ រីឯផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។

ឆ្លៀតក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ធ្វើផ្លូវឱ្យបានរឹង មាំតាមលក្ខណៈបច្ចេកទេសដែលបានឯកភាពគ្នា និងបានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡានបរទេស ទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់កម្ពុជាឱ្យបានម៉ឺងម៉ាត់ មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ។

លោក ស៊ុន ចាន់ថុល បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់ លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣.០២៥គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុង ខែសីហា ឆ្នាំ២០២២។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិផងដែរ។

គូសបញ្ជាក់ថា កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្តានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)