
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាប្រមាណ ៥០ម៉ឺននាក់ កើនឡើង ៣៩៤.១ភាគរយ ធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍សង្ខេបរបស់ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ទិត ចន្ថា បានថ្លែងឱ្យដឹងថា ទេសចរអន្តរជាតិប្រមាណកន្លះលាននាក់នេះ បានធ្វើដំណើរតាមមធ្យោបាយ៣ ប្រភេទ។
លោក ទិត ចន្ថា បានថ្លែងបញ្ជាក់ថា មធ្យោបាយ៣ ប្រភេទរួមមាន៖ ផ្លូវអាកាស ២៤ម៉ឺន កើនឡើង ៤២០,៣%, ផ្លូវគោក ២៦ម៉ឺននាក់ កើនឡើង ៣៦៤,៤%, ផ្លូវទឹក ៥ពាន់នាក់ កើនឡើង កើនឡើង ២៣០,៤០០%។
នៅក្នុងឆមាសទី១ ទេសចរជាតិ ចលនាទេសចរផ្ទៃក្នុងបានធ្វើដំណើរកម្សាន្តតាមបណ្ដារមណីយដ្ឋាននានាទូទាំងប្រទេសមានចំនួន ៦,៣លាននាក់ កើនឡើង ២១៨,៤% និងបរទេស ៦៨ម៉ឺននាក់ កើនឡើង ៣៨០,៣% ធៀបនឹងគ្រាដូចគ្នា ឆ្នាំ២០២១។ បើតាមការបន្តរបស់ លោក ទិត ចន្ថា បានរម្លឹកឱ្យដឹងថា ឆ្នាំ២០២១ ទេសចរជាតិចេញទៅក្រៅប្រទេស ១៨ម៉ឺននាក់ ថយចុះ ៨៦.៦% ធៀបនឹងឆ្នាំ២០២០។
លោក ទិត ចន្ថា បានថ្លែងបន្តថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២ មានទេសចរអន្តរជាតិប្រមាណ ១១៧លាននាក់ បានបធ្វើដំណើរជុំវិញពិភពលោក កើនឡើង១៨២% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១ ដែលនេះបង្ហាញពីសញ្ញាដ៏ល្អសម្រាប់ឆ្នាំនេះ។ ដោយឡែក ទ្វីបអឺរ៉ុប អេមេរិក មជ្ឈិមបូព៌ាបានបង្ហាញសញ្ញាល្អប្រសើរជាងគេក្នុងអត្រាកំណើន ២៨០% ១១៧% និង១៣២% ខណៈ តំបន់អាហ្រិ្វកមានកំណើន ៩៦% និងអាស៊ីប៉ាស៊ីហ្វិកានតែ ៦៤%។
ទីផ្សារទេសចរណ៍ធំសំខាន់ៗ ដែលធ្វើដំណើរចេញក្រៅប្រទេសច្រើនជាងគេ ជាពិសេសនៅត្រីមាសទី១ និងទី២ គឺទីផ្សារដែលមកពីបណ្ដាប្រទេសនៃតំបន់អឺរ៉ុប និងអាមេរិក ដែលភាគច្រើនជាការធ្វើដំណើរផ្ទៃក្នុងតំបន់ និងការធ្វើដំណើរទៅមករវាងអារមេរិកនិងអឺរ៉ុប។ បើតាមការគូសបញ្ជាក់របស់ លោក ទិត ចន្ថា បានបន្ថែមថា ដោយឡែក ប្រទេសជាគោលដៅទែសចរណ៍ដែលងើបឡើងវិញលឿនជាងគេក្នុងឆ្នាំ២០២២ គឺឆ្នេរសមុទ្រ និងកោះ។
លោក ទិត ចន្ថា បានគូសបញ្ជាក់ទៀតថា ឆ្នាំ២០២២ វិស័យទេសចរសកលលោករំពឹងនឹងមានភាពល្អប្រសើរ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចន្តការធ្វើដំណើររនស់ភ្ញៀវទេសចរអន្តរជាតិ ដែលបានទទួលឥទ្ធិពលវិជ្ជមានពីការបន្ធូបន្ថយការរឹតត្បិត និងការដករបាំងដែលជាលក្ខណ្ឌនានាលើការធ្វើដំណើរ ជាមួយនិងការកើនឡើងក្នងការធ្វើដំណើរជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងការកម្សាន្តក្រោយពីខកខានអស់មួយរយៈ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)