Register Already an agent ? Login

កម្ពុជា បានជ្រើសរើសទំនិញនាំចេញសក្តានុពលចំនួន ១០មុខ ដែលមានឧត្តមភាពប្រកួតប្រជែងខាងផលិតផល

ភ្នំពេញ៖ កម្ពុជា មានឧត្តមភាពប្រកួតប្រជែងខាងផលិតផលទំនិញនាំចេញសក្ដានុពលចំនួន ១០មុខ ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច។ បើតាមការថ្លែងឱ្យដឹងពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ការថ្លែងខាងលើ របស់ ប៉ាន សូរស័ក្តិ ដែលបានអញ្ជើញជាអធិបតីភាពក្នុងការដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោក បានថ្លែងបន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ។ លោក បានចោទជាសំណួរថា តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

លោក ប៉ាន សូរស័ក្តិ បានថ្លែងឱ្យដឹងថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០មុខ មុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។

នាឱកាសនោះ លោក ក៏បានរម្លឹកថា ផែនការយុទ្ធសាស្ត្រនេះត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ២០២០ និងបានសម្រេចសេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយបានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង និងកិច្ចប្រជុំប្រមូលធាតុចូលពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព លោក អូន ព័ន្ធមុនី រ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ។

លោក បានបន្តថា ក្នុងក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម លោក អូន ព័ន្ធមុនី រ័ត្ន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យកែសម្រួលឯកសារឱ្យស្របតាមស្មារតីអង្គប្រជុំ ជាពិសេសអនុសាសន៍របស់ លោក អូន ព័ន្ធមុនីរ័ត្ន ហើយក្រុមការងារបានបញ្ចប់ការកែសម្រួលចុងក្រោយបំផុតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

នៅកិច្ចបញ្ចប់ លោក ប៉ាន សូរស័ក្តិ បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋានអាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ។

លោក បានគូសបញ្ជាក់ថា ព្រោះថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)