Register Already an agent ? Login

សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះបើតាមការថ្លែងរបស់ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តថា ទោះបីជា សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏កំណើននេះបានកើនឡើងវិញប្រមាណ ៣% នៅឆ្នាំ២០២១ និងត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ ៥,៦% នៅឆ្នាំ២០២២។

នៅក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី «ការចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា» ដែលធ្វលឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ចម និម្មល ដែលបានអញ្ជើញជាអធិបតីតំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ស្រី ចម និម្មល បានថ្លែងថា ក្រោយចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មអមដោយកំណើនទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ដែលធានាសង្គតិភាព និងស្តង់ដារបទប្បញ្ញត្តិអន្តរជាតិ។

លោកស្រី រដ្ឋលេខាធិការ បានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ប្រកបដោយបុរេសកម្មឈានមុខ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ក្ដី ក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើពិពិធកម្មផលិតផល និងទីផ្សារតាមរយៈគោលនយោបាយគាំទ្រសហគ្រាសនិងធុរកិច្ច កំណែទម្រង់បទដ្ឋានគតិយុត្ត និងការចរចាបើកច្រកទីផ្សារ។ បើតាមការបន្ថែមរបស់ លោក ស្រី ចម និម្មល។

លោកស្រី បានបន្ថែមទៀតថា ជាក់ស្តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា៖ ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។ បើតាមការលើកឡើងឱ្យដឹងពី លោក ស្រី ស្រី ចម និម្មល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)