Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១៥០លានដុល្លារ កើនឡើង៥៣%

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលកើនឡើង ៥៣% ធៀបនឹងឆ្នាំ២០២០។ បើផ្អែកតាមទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីទាំងពីរ។

នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា»។

លោក ប៉ាន សូរស័ក្តិ បានថ្លែងឱ្យដឹងថា ក្នុងនោះកម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ។ល។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួម មានដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។

នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ក្នុងការរៀបចំពិព័រណ៌ពិភពលោក ២០២០ ឌូបៃ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានថ្លែងកោតសរសើរនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការរៀបចំឱ្យកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក លើការរចនាពន្លាជាតិល្អជាងគេ។

បន្ថែមពីនេះ លោក រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមរបស់កម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

នៅក្នុងជំនួបនោះ លោក Thani bin បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងល្អរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់លើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈនិងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀត។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ និងបង្ហាញសុទិដ្ឋិនិយមព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងក្នុងតំបន់ ហើយនិងពិភពលោកតាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀត ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)